ក្រុម Chelsea បានយកឈ្នះលើក្រុម Tottenham Hotspur ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ EFL Cup កាលពីយប់មិញ។
ក្នុងការប្រកួតនាទីលាន Stamford Bridge នេះដែរ ខ្សែប្រយុទ្ធ Romelu Lukaku បានមានឈ្មោះវិលចូលទីលានវិញហើយ ក្រោយមានបញ្ហារកាំរកូសខ្លះៗ ដោយសារការផ្តល់បទសម្ភាសរបស់គេជាមួយទូរទស្សន៍ក្នុងប្រទេសអ៊ីតាលី ហើយត្រូវដកឈ្មោះចេញក្នុងការប្រកួតស្មើគ្នា ២-២ ទល់នឹង Liverpool នៅក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ។
សម្រាប់ការប្រកួតទល់នឹង Tottenham Hotspur នេះក្រុម Chelsea បានបង្ហាញការគាបសង្កត់ទៅលើគូប្រជែង តាមរយៈការគ្រប់គ្រង់ទីលាន៦៤ភាគរយ មានឱកាសស៊ុត ១៩ដង ខណៈ Spurs មានឱកាសស៊ុតតែ ៥ដងគត់។ លេងបាន ៥នាទី ខ្សែបម្រើ Kai Havertz ជាអ្នកស៊ុតឱ្យ Chelsea នាំមុខបន្ទាប់ពី Marcos Alonso បញ្ជូនបាល់ឱ្យយ៉ាងល្អ។ គ្រាប់បាល់ទី២ កើតឡើងបន្តគ្នាដោយកីឡាករ Spurs ធ្វើឱ្យចូលទីខ្លួនឯង បន្ទាប់ពី Japhet Tanganga តែតបាល់ ទៅប៉ះនឹងស្មារខ្សែការពារ Ben Davies និងធ្វើឱ្យបាល់ចូលទី។
សម្រាប់ការប្រកួតក្នុងវគ្គទី២វិញ មិនមានការស៊ុតបាល់បញ្ចូលទីទៀតទេ គឺលទ្ធផល Chelsea ២ Tottenham Hotspur ០ រក្សាដល់ចប់ការប្រកួត។
ការប្រកួតជើងទី២ នឹងធ្វើឡើងនាពាក់កណ្តាលសប្តាហ៍ក្រោយ នាទឹកដីរបស់ក្រុម Tottenham Hotspur វិញម្តង ដោយក្នុងនោះដែរក្រុម Spurs នឹងត្រូវធ្វើការកាន់តែធ្ងន់ បើចង់មានឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Wembley ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕