ក្រុម Arsenal បន្ដចាញ់ពីរប្រកួតជាប់គ្នា ហើយរឿងដែលគួរឱ្យចាប់អារម្មណ៍គឺលទ្ធផលបច្ចេកទេសដូចគ្នាទាំងពីរប្រកួត របូតគ្រាប់បាល់ចំនួនពីរគ្រាប់។ សប្ដាហ៍ទី១ ប្រកួតចាញ់ក្រុម Brentford ដែលទើបឡើងមកពីក្របខណ្ឌ Championship (លីគកម្រិតទី២អង់គ្លេស) ហើយសប្ដាហ៍ទី២នេះ បន្ដចាញ់ក្រុមភ្ញៀវតោខៀវ Chelsea។ ក្រុម Arsenal នឹងត្រូវជួបក្រុមជើងឯក Manchester City នៅកីឡដ្ឋាន Etihad នៅសប្តាហ៍ទី៣។
ក្រុមដែលទទួលបានជ័យជម្នះលើគូប្រកួតដោយឈ្នះគ្រាប់បាល់ពីរគ្រាប់ទល់នឹងសូន្យមានចំនួនរហូតដល់បួនក្រុម៖ Liverpool ២:0, Aston Villa ២:0 Newcastle, Brigton & Hove Albion ២:0 Watford, និង Arsenal 0:២ Chelsea។
កីឡាករស៊ុតបញ្ចូលទីខ្លួនឯងចំនួនពីរនាក់ នៅក្នុងសប្តាហ៍ទី២នេះ៖ កីឡាករ Tim Krul របស់ក្រុម Norwich City ប្រកួតនៅថ្ងៃសៅរិ៍ និងកីឡាករ Fred របស់ក្រុម Manchester United ប្រកួតនៅថ្ងៃអាទិត្យ។
មានការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅក្នុងបីប្រកួតផ្សេងគ្នាហើយសុទ្ធតែបានសម្រេចទាំងអស់ដោយ កីឡាករ Anwar El-Ghazi របស់ក្រុម Aston Villa, កីឡាករ Dominic Calvert-Lewin របស់ក្រុម Everton, និងកីឡាករ Dele Alli របស់ក្រុម Tottenham Hotspur។
កីឡាករ Jack Grealish បង្ហាញខ្លួនក្នុងការប្រកួតក្នុងទឹកដី Manchester City ជាលើកដំបូងរបស់ខ្លួន ហើយអាចរកគ្រាប់បាល់ជាលើកដំបូង (សប្ដាហ៍ដំបូងលេងក្រៅដី) ខណៈពេលដែលកីឡាករ Romelu Lukaku (ទើបតែផ្ទេរមកពីក្រុមជើងឯកអ៊ីតាលី Inter Milan) បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងការបង្ហាញខ្លួនឡើងវិញនៅក្របខណ្ឌ Premier League សម្រាប់ក្រុមតោខៀវ Chelsea។កីឡាករ Harry Kane របស់ក្រុម Tottenham Hotspur ដែលអវត្តមាននៅសប្ដាហ៍ទី១ បានបង្ហាញខ្លួនឡើងវិញ ប៉ុន្ដែមិនជាប់ជម្រើស១១នាក់ដំបូងឡើយ ដោយសារមិនទាន់ពេញកម្លាំង១០០%។ កីឡាករ Harry Kane បានប្ដូរចូលនៅតង់ទី២នៅនាទីទី៧២ ដោយជំនួសកីឡាករ Heung-Min Son ហើយទទួលបានកាតលឿងនៅនាទីទី៩០បូក១៕