×

Wayne Rooney និង Frank Lampard ជាបេក្ខភាពឈានមុខសម្រាប់តំណែងអ្នកចាត់ការថ្មីរបស់ Everton

Wayne Rooney និង Frank Lampard គឺជាបេក្ខភាព២រូបក្នុងចំណោមបេក្ខភាពមួយចំនួន ដែលស្ថិតក្រោមការពិចារណាដើម្បីជំនួសតំណែងរបស់លោក Rafa Benitez ដែលត្រូវបានក្លិប Everton បញ្ចប់តំណែង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Sky Sports។

បញ្ជីបេក្ខភាពនោះ ក៏មានអតីតអ្នកចាត់ការក្រុមជម្រើសជាតិបែលហ្ស៊ិក Roberto Martinez, គ្រូបង្វឹក Brighton លោក Graham Potter លោក Rudi Garcia និងលោក Duncan Ferguson គ្រូជំនួយ Everton ផងដែរ។

Rooney ត្រូវបានប្រភពបន្តថា លោកមានភាពសប្បាយរីករាយ និងផ្តោតលើក្រុម Derby County នៃក្របខណ្ឌលីគទី២អង់គ្លេស ប៉ុន្តែវាជាការលំបាកមួយក្នុងការបដិសេធសំណើរបស់ក្រុម Everton នៃក្របខណ្ឌ Premier League ។

លោក Benitez អតីតអ្នកចាត់ការ Liverpool ត្រូវបានតែងតាំងដោយ Everton កាលពីរដូវក្តៅមុន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានបរាជ័យក្នុងការកសាងទំនុកចិត្តសម្រាប់ក្លិបនៅកីឡដ្ឋាន Goodison Park នេះឡើយ។

អ្នកគាំទ្រ Everton បានបង្ហាញផ្ទាំងបដាដើម្បីអំពាវនាវឱ្យមានការចាកចេញរបស់គាត់ ក្នុងអំឡុងពេលក្រុមរបស់ពួកគេ ចាញ់ Norwich នៅ Carrow Road ។ បដាដូចគ្នានេះ ក៏ត្រូវបានលាតត្រដាងផងដែរ នៅក្នុងជ័យជម្នះពានរង្វាន់ FA Cup ជុំទី៣ របស់ពួកគេ ៣-២ លើក្រុម Hull ។

Everton បានចាញ់ ៩លើកក្នុងចំណោម ១៣ប្រកួតចុងក្រោយរបស់ពួកគេ ក្នុងលីគ រួមទាំងការចាញ់ក្នុងផ្ទះ ៤-១ ក្រោមថ្វីជើងរបស់ក្រុម Liverpool និងការចាញ់ក្នុងផ្ទះ ៥-២ ដោយក្រុម Watford ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង