×

ការប្រកួត Burnley ទល់នឹង Watford បានត្រូវពន្យារពេល ដោយសារការឆ្លងកូវីដ១៩

ការប្រកួតរបស់ Burnley ទល់នឹង Watford នៅយប់នេះ ត្រូវបានពន្យារពេល បន្ទាប់ពីអ្នករៀបចំការប្រកួតក្របខណ្ឌ Premier League បានទទួលយកសំណើរបស់ក្រុម Burnley សម្រាប់ការពន្យារពេល ដោយសារសមាជិកមានចំនួនមិនគ្រប់គ្រាន់។

លោក Sean Dyche អ្នកចាត់ការក្រុម Burnley បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មានតែកីឡាករ១០នាក់ប៉ុណ្ណោះ ដែលបានចូលរួមក្នុងការហ្វឹកហាត់មុនពេលក្លិបស្នើសុំពន្យារពេល។ លោក Dyche បានបន្ថែមថា Burnley ដែលរងគ្រោះដោយសារកូវីដ១៩ ស្ថិតក្នុងស្ថានភាពអាក្រក់ជាងពេលដែល Premier League យល់ព្រមពន្យារការប្រកួតនៅថ្ងៃសៅរ៍ ជាមួយក្រុម Leicester City ទៅទៀត។ លោក Dyche មិនបានបង្ហាញពីចំនួនកូនក្រុមរបស់គាត់ដែលបានឆ្លងកូវីដ១៩នោះទេ។

Premier League តម្រូវឱ្យក្រុមមួយមានកីឡាករយ៉ាងហោចណាស់ ១៣នាក់ និងអ្នកចាំទី ១នាក់ ដើម្បីអាចចូលទៅកាន់ការប្រកួតមួយបាន ដោយសារកីឡាករឆ្លងកូវីដ១៩ ឬ របួស ឬជាប់កាតព្វកិច្ចនៅព្រឹត្តិការណ៍ Africa Cup of Nations ។

ការប្រកួតចុងក្រោយរបស់ក្រុម Burnley បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមករា នៅពេលដែលពួកគេគ្មានកីឡាករចំនួន ៧នាក់ ក្នុងការចាញ់ ២-១ ក្រោមថ្វីជើងរបស់ក្រុម Huddersfield ក្នុងពានរង្វាន់ FA Cup ។ Burnley បានលេងត្រឹមតែ ១៧ប្រកួតក្នុងក្របខណ្ឌ Premier League ដែលជាចំនួនតិចបំផុត ក្នុងចំណោមក្រុមទាំងអស់ក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស នៅរដូវកាលនេះ ហើយកំពុងស្ថិតនៅបាតតារាង។ សរុបមក ការប្រកួតនៅក្របខណ្ឌ Premier League ចំនួន ២១ប្រកួតហើយដែលត្រូវបានពន្យារពេល ដោយសារករណីកូវីដ១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង