កីឡាករ James Maddison បានធ្វើអំណោយដ៏សប្បុរសធម៌ ដើម្បីជួយក្មេងស្រីអាយុ ៧ឆ្នាំដែលកំពុងប្រយុទ្ធនឹងជំងឺមហារីក សម្រេចក្តីសុបិនចង់ទៅកម្សាន្តនៅ Disneyland ។
កីឡាករបាល់ទាត់ Leicester City បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ២.៥០០ផោន ដើម្បីជួយក្មេងស្រីវ័យក្មេងនេះ ឈានដល់គោលដៅ ២ម៉ឺនផោនរបស់នាង។
កុមារី Violet ដែលមកពីទីក្រុង Halesowen ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកឈាម ប្រភេទ Acute Lymphoblast Leukemia ក្នុងខែមេសា ឆ្នាំ២០២១ ហើយនឹងត្រូវទទួលការព្យាបាលដោយគីមី រហូតដល់ឆ្នាំ២០២៣។
Rebecca Griffiths និង Matthew Bennett បានរៀបចំគណនី GoFundMe ដូច្នេះពួកគេអាចនាំនាងទៅ Disneyland Florida ដែលជាកន្លែងដែល Violet តែងតែស្រមៃចង់ទៅ។ អ្នករៀបចំកម្មវិធី បានបង្កើតយុទ្ធនាការនេះ តាំងពីខែវិច្ឆិកាមកម្ល៉េះ។ ពួកគេ ថែមទាំងបានបង្កើតយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមមួយដែលមានឈ្មោះថា #Violetsdream ដែលត្រូវបានគាំទ្រដោយកីឡាករបាល់ទាត់មួយចំនួន។
James Maddison បានបង្ហោះអំពីការបរិច្ចាគរបស់គាត់នៅលើ Twitter ដែលអ្នករៀបចំទំព័រ Matthew Bennett បានឆ្លើយតបថា៖ “សូមអរគុណអ្នកខ្លាំងណាស់ សម្រាប់ការបរិច្ចាគបែបនេះ វាមានន័យធំធេងណាស់សម្រាប់ពួកយើង។”
កីឡាកររបស់ក្រុម Leicester City ក៏បានបន្ថែមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា គាត់ចង់អញ្ជើញ Violet និងក្រុមគ្រួសាររបស់នាង ទៅទស្សនាការប្រកួតរបស់ Leicester ផងដែរ។
ចាប់តាំងពីការបរិច្ចាគរបស់លោក James Maddison អំណោយចំនួន ៥០០០ផោន បន្ថែមទៀតត្រូវបានបរិច្ចាគដោយជនអនាមិក ដោយថវិកាសរុបកើនដល់ជាង ២៦.០០០ផោន ពីអ្នកបរិច្ចាគច្រើនជាង ៦០០នាក់ផ្សេងៗគ្នា។
អ្នករៀបចំរបស់ Violet បាននិយាយនៅលើទំព័រ GoFundme ថា មូលនិធិដែលនៅសល់ពីដំណើរកម្សាន្តទៅកាន់ Disneyland នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យកុមារ Birmingham ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕