ដៃគូឧបត្ថម្ភ Teamviewer របស់ក្លិបបិសាចក្រហម Manchester United បានបង្ហាញថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់កីឡាករ Mason Greenwood ។
បន្ទាប់ពីការចោទប្រកាន់លើកីឡាករអន្តរជាតិអង់គ្លេសរូបនេះពីបទបង្កហិង្សាលើស្ត្រី ប៉ូលីស Manchester បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ថា ពួកគេបានចាប់ខ្លួនបុរសម្នាក់ដែលមានអាយុ ២០ឆ្នាំ ហើយការស៊ើបអង្កេត កំពុងបន្ត។
កាលពីថ្ងៃអាទិត្យ រូបភាពបានលេចចេញលើបណ្ដាញសង្គមពីស្ត្រីម្នាក់ ដែលនាងចោទថា បានបង្កឡើងដោយ Greenwood។ បន្ទាប់មក Manchester United បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ក្លិបនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេ រហូតទាល់តែការពិតត្រូវបានបង្ហាញ ហើយនិយាយថា ខ្លួនមិនលើកលែងចំពោះអំពើហឹង្សាណាមួយឡើយ។ បន្ទាប់មកក្លិបបានបញ្ជាក់ថា Greenwood នឹងមិនហ្វឹកហាត់ ឬលេងក្នុងការប្រកួតណាមួយឡើយ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។
អ្នកឧបត្ថម្ភអាវរបស់ក្រុមបិសាចក្រហម គឺ Teamviewer បាននិយាយថា ពួកគេកំពុង តាមដានការអភិវឌ្ឍយ៉ាងយកចិត្តទុកដាក់។ ចំណែកក្រុមហ៊ុន Cadbury ក៏បានប្រកាស ថាឈ្មោះរបស់ Greenwood នឹងមិនបង្ហាញលើផលិតផលណាមួយរបស់ពួកគេទេ ខណៈក្រុមហ៊ុន Nike បានដកទំនាក់ទំនងពីខ្សែប្រយុទ្ធ Man Utd រូបនេះផងដែរ។ ចំណែកក្រុម Man United ត្រូវបានរាយការណ៍ថា បានបញ្ឈប់ការលក់សម្ភារកីឡារបស់ Greenwood ពីហាងលក់អនឡាញរបស់ពួកគេផងដែរ។
សារព័ត៌មាន The Athletic បានរាយការណ៍ថា ក្រុមបិសាចក្រហម នៅតែផ្តល់ថ្លៃនឿយហត់ពេញលេញដល់ Greenwood ទោះគេមិនលេងក៏ដោយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕