លោក Mikel Arteta បានបង្ហាញការភ្ញាក់ផ្អើល ដែលអាជ្ញាកណ្ដាល លោក Michael Oliver បានផ្ដល់កាតលឿង ចំនួន ២ ក្នុងពេលចន្លោះរយៈពេលត្រឹមតែ ៥វិនាទី ដល់កីឡាករ Gabriel Martinelli ក្នុងជ័យជម្នះរបស់ Arsenal លើ Wolves ដោយលទ្ធផល ១-០ កាលពីយប់មិញ។
លោក Arteta បាននិយាយថា៖ “ខ្ញុំមិនដែលឃើញវានោះទេ។ ក្នុងរយៈពេល ៥វិនាទី គាត់ទទួលបានកាតលឿងដល់ទៅពីរ។ វាពិតជាមិនធម្មតាមែន”។
ខ្សែប្រយុទ្ធ Martinelli បានរុញ Daniel Podence ខណៈដែលគេប្រញាប់បោះបាល់ចូល ដើម្បីបន្តការប្រកួត បន្ទាប់ពីបាល់ចេញក្រៅខ្សែបន្ទាត់។ ប៉ុន្តែអាជ្ញាកណ្តាល Michael Oliver បានអនុញ្ញាតឱ្យលេងបន្តទៀត ដោយសារតែការបោះបាល់របស់ Podence បានទៅដល់ Chiquinho ។ ៥វិនាទីក្រោយមក Martinelli បានបន្តដេញ ហើយ រុញ Chiquinho ដែលធ្វើឱ្យលោក Oliver សម្រេចចិត្តដកកាតលឿង ផ្ដល់ជូន Martinelli មួយដងហើយបន្ទាប់មក ក៏បានផ្ដល់កាតក្រហមតែម្ដង។
លោក Mikel Arteta ថា៖ “ខ្ញុំបានរស់នៅក្នុងប្រទេសនេះ ១៨ឆ្នាំហើយ ខ្ញុំមិនដែលឃើញរឿងបែបនេះទេ”។
ខ្សែការពារ Gabriel បានផ្ដល់គ្រាប់បាល់ជ័យជម្នះតែមួយគត់សម្រាប់ក្រុមកាំភ្លើងធំ ក្នុងការប្រកួតនេះ។ ជ័យជម្នះនេះដែរ បានធ្វើឱ្យ Arsenal រំកិលឡើង ១ចំណាត់ថ្នាក់ទៀត មាន ៣៩ពិន្ទុ តាមពីក្រោយក្រុមលេខ៤ West Ham ១ពិន្ទុ ដោយទម្លាក់ក្រុម Manchester United មកកាន់លេខ៦។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕