ខ្សែបម្រើរបស់ Liverpool កីឡាករ Naby Keita បានដកខ្លួនចេញពីក្រុមជម្រើសជាតិហ្គីណេ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់ពួកគេជាមួយនឹងក្រុម SA Africa និង Zambia ដោយសារតែរបួសជង្គង់។
ក្រុមហ្គីណេ ត្រូវជួបក្រុម Bafana Bafana នៅប្រទេសប៊ែលហ្ស៊ិក នៅយប់ថ្ងៃសុក្រ។ Keita វ័យ ២៧ ឆ្នាំបានចាប់ផ្តើមក្នុងការប្រកួត ដែល Liverpool បានយកឈ្នះ ១-០ លើក្រុម Nottingham Forest ក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup មុនពេលត្រូវបានប្ដូរជំនួសដោយ Thiago Alcantara ក្នុងវគ្គទីពីរ។
Liverpool ក៏បានបញ្ជាក់ដែរថា ខ្សែការពារ Trent Alexander-Arnold បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជាមួយស្វីស និងកូតឌីវ័រ ដោយសារបញ្ហាសរសៃពួរ នៅមុនការប្រកួតទល់នឹង Forest។ អ្នកចាត់ការ Juergen Klopp បាននិយាយកាលពីថ្ងៃសុក្រថា បញ្ហានេះនឹងធ្វើឱ្យ Alexander-Arnold អវត្តមានរយៈពេលពីរបីសប្តាហ៍។ ក្លិបហង្សក្រហម ក៏កំពុងបារម្ភលើបញ្ហាកាយសម្បទារបស់ខ្សែប្រយុទ្ធ Mohamed Salah ដែលមានរបួសជើងក្នុងការប្រកួតលីគជាមួយ Brighton កាលពីដើមខែនេះ។
Liverpool ដែលមានគម្លាតតែ ១ពិន្ទុពីក្រោយក្រុមកំពូលតារាង Manchester City នឹងត្រលប់មកការប្រកួតវិញ បន្ទាប់ពីសម្រាកអន្តរជាតិជាមួយនឹងការជួបក្រុមម្ចាស់ផ្ទះ Watford នៅថ្ងៃទី២ ខែមេសា មុនប៉ះ Man City នៅសប្ដាហ៍បន្ទាប់។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕