×

ខ្សែបម្រើ Jadon Sancho របស់ Man UTD អាចនឹងខកខានការប្រកួតរវាងអង់គ្លេសទល់នឹងហុងគ្រីដោយសាររបួស

អ្នកចាត់ការទូទៅរបស់ក្រុមតោកំណាចអង់គ្លេសលោក Gareth Southgate បាននិយាយថាខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រុម Manchester United គឺ Jadon Sancho កំពុងតែមានបន្ទិលសង្ស័យក្នុងការបង្ហាញខ្លួនវគ្គជម្រុះ FIFA World Cup ជាមួយក្រុមជម្រើសជាតិហុងគ្រីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរងរបួស អំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃពុធ ទី១ ខែកញ្ញា។

Jadon Sancho លេងបានតែ ៣ ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមរបស់លោក Southgate នៅ Euro ២០២០ ហើយចុងក្រោយ ពួកគេចាញ់ដោយបាល់ប៉េណាល់ទីកាត់សេចក្ដីទល់នឹងអ៊ីតាលីនៅវគ្គផ្តាច់ព្រ័ត្រ។

យ៉ាងណាមិញសម្រាប់ការប្រកួតជាមួយហុងគ្រីនេះ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានរកឃើញថា អ្នកគាំទ្រហុងគ្រីមានកំហុសចំពោះអាកប្បកិរិយារើសអើងជាតិសាសន៍នៅក្នុងការប្រកួតយូរ៉ូ ២០២០ កន្លងទៅរបស់ពួកគេ ដូច្នេះប្រទេសហុងគ្រី ត្រូវបានពិន័យឱ្យលេងដោយគ្មានអ្នកគាំទ្រចំនួន៣ប្រកួតនៅក្នុងទឹកដីរបស់ខ្លួន និងពិន័យជាប្រាក់ ១០ ម៉ឺនអឺរ៉ូ។

ទោះយ៉ាងណា ក៏មានអ្នកគាំទ្រផ្សេងទៀតជាង ៦០.០០០ នាក់នឹងមានវត្តមាននៅក្នុងកីឡដ្ឋាន Puskas Arena នេះសម្រាប់ការប្រកួតជម្រុះ World Cup ព្រោះការប្រកួតនេះ កំពុងត្រូវបានលេងក្រោមច្បាប់របស់ FIFA ។

សូមបញ្ជាក់ថា បច្ចុប្បន្នអង់គ្លេសកំពុងនាំមុខគេនៅក្នុងពូល I ដោយមាន ៩ ពិន្ទុពីការប្រកួត ៣ លើកខណៈហុងគ្រីស្ថិតនៅលេខ ២ មាន ៧ ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង