ក្លិប Real Madrid បានត្រៀមកញ្ចប់ថវិការ៥០លានអឺរ៉ូក្នុងមួយឆ្នាំសម្រាប់ខ្សែប្រយុទ្ធ Paris Saint-Germain កីឡាករ Kylian Mbappe ប្រសិនបើរូបគេចូលរួមជាមួយក្លិបអេស្ប៉ាញនៅក្នុងទីផ្សារដោះដូរកីឡាករនេះ។
អនាគតរបស់កីឡាករដែលជួយឱ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈ PSG បានផ្តល់ឱសានវាទដល់ Mbappe ដើម្បីបន្តកុងត្រារយៈពេលមួយឆ្នាំទៀត នៅក្នុងកិច្ចសន្យាដែលមានស្រាប់។ ប៉ុន្តែបើមិនដូច្នោះទេ រូបគេអាចនឹងត្រូវលក់ចេញ។
យោងតាមសារព័ត៌មាន Goal ដកស្រង់ពីសារព័ត៌មានអេស្ប៉ាញ Cadena Ser ក្លិប Real Madrid បានរៀបចំផែនការហិរញ្ញវត្ថុយ៉ាងល្អិតល្អន់ទាក់ទងនឹងការផ្ទេរយក Mbappe ។ ពួកគេត្រៀមផ្តល់ជូន Mbappe នូវកិច្ចសន្យារយៈពេល ៥ ឆ្នាំ និងប្រាក់បៀវត្សរ៍៥០លានអឺរ៉ូដែលទទួលបានក្នុង១ឆ្នាំ។
របាយការណ៍លើកឡើងថា ថ្ងៃទី១០ និងថ្ងៃទី២៦ ខែកក្កដា អាចជាកាលបរិច្ឆេទសំខាន់នៅក្នុងរឿងផ្ទេរកីឡាកររូបនេះ។ PSG គ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអាស៊ីសម្រាប់ដំណើរទេសចរណ៍ Pre-season មុនបើករដូវកាលនៅថ្ងៃទី ២៦ ខែកក្កដា៕