ខ្សែប្រយុទ្ធបារាំង Kylian Mbappe បង្ហើបក្នុងបទសម្ភាសមួយថា Paris St-Germain កំពុងមានការបែកបាក់ផ្ទៃក្នុង ខណៈពាក្យចចាមអារ៉ាមនៃការចាកចេញរបស់គាត់ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
កីឡាករវ័យ ២៤ឆ្នាំដែលនៅសល់កិច្ចសន្យារយៈពេល១ឆ្នាំទៀតនៅ PSG បានធ្វើការអត្ថាធិប្បាយទៅកាន់ទស្សនាវដ្ដី France Football ។ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេសម្រាប់ PSG បានប្រាប់ថា រូបគេនឹងមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីទេ។ Mbappe បាននិយាយថា៖ “ខ្ញុំគិតថាការលេងឱ្យ PSG មិនបានជួយអ្វីច្រើនទេ ព្រោះវាជាក្រុមដែលបែកបាក់គ្នា។”
សម្ដីរបស់ Mbappe បានកើតឡើង បន្ទាប់ពីប្រធានក្លិប Paris St-Germain លោក Nasser Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនអនុញ្ញាតឱ្យ Mbappe ចាកចេញដោយឥតតម្លៃខ្លួននោះទេ។
Mbappe ដែលបានឈ្នះ Ligue 1 ចំនួន ៥ដងជាមួយ PSG ចាប់តាំងពីផ្ទេរពី Monaco ក្នុងឆ្នាំ២០១៧ បានស៊ុតបញ្ចូលទីបាន ៤១ គ្រាប់ក្នុងកម្មវិធីប្រកួតទាំងអស់ កាលពីរដូវកាលមុន ខណៈដែលរូបគេបានជួយក្លិបលើកពានរង្វាន់លីគកំពូលបារាំងជាលើកទី១១។ ប៉ុន្តែក្រុមជើងឯកបារាំង មិនទាន់ទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ទេ ដោយបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយដោយសារ Bayern Munich កាលពីរដូវកាលមុន។
លោក Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ PSG កាលពីសប្តាហ៍មុន ដោយជំនួសតំណែងលោក Christophe Galtier។ PSG បានអនុញ្ញាតឱ្យ Lionel Messi វ័យ ៣៦ ឆ្នាំទៅចូលរួមជាមួយក្លិប Inter Miami នៅទឹកដីអាមេរិក ខណៈដែលអនាគតរបស់ Neymar វ័យ ៣១ ឆ្នាំក៏ស្ថិតក្នុងការសង្ស័យផងដែរ៕