ការពិន័យរបស់ Everton ចំពោះការបំពានច្បាប់ហិរញ្ញវត្ថុនៅក្របខណ្ឌ Premier League ត្រូវបានកាត់បន្ថយការពិន័យ ដោយប្តូរពីការកាត់១០ពិន្ទុ មកត្រឹមកាត់ការ ៦ពិន្ទុ ក្រោយពីក្លិបបានធ្វើការប្តឹងឧទ្ធរណ៍រួចមក។
ក្លិបរហស្សនាមស្ករគ្រាប់ ត្រូវបាន Premier League ពិន័យដោយការប្រកាសកាត់១០ពិន្ទុ កាលពីខែវិច្ឆិកា ចំពោះការបំពានច្បាប់ប្រាក់ចំណេញ និង និរន្តរភាព ក្នុងរយៈពេល៣ឆ្នាំ ដល់រដូវកាល ២០២១-២២។
នេះជាការដាក់ទណ្ឌកម្មដែលធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ដោយបានទម្លាក់ Everton ពីលេខ១៤ មកលេខ១៩ ក្នុងតារាង នៅពេលនោះ។
យ៉ាងណាមិញ ក្លិបបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការទណ្ឌកម្មដែលពួកគេអះអាងថា វាមិនសមាមាត្រ និងអយុត្តិធម៌។
សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា៖ “Everton អាចបញ្ជាក់ក្រុមប្រឹក្សាបណ្តឹងឧទ្ធរណ៍បានសន្និដ្ឋានថា ការកាត់ពិន្ទុដែលដាក់ដោយគណៈកម្មការឯករាជ្យនៃក្របខណ្ឌ Premier League នៅក្នុងខែវិច្ឆិកាត្រូវបានកាត់បន្ថយពី ១០ ពិន្ទុមកត្រឹម ៦ ពិន្ទុដោយមានប្រសិទ្ធិភាព។”
ការកាត់បន្ថយនេះមានន័យថា Everton ឡើងទៅឈរនៅលេខរៀងទី ១៥ ក្នុងតារាងដែលមាន ២៥ ពិន្ទុ។
សម្រាប់ក្របខណ្ឌ Premier League វិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ក្រុមប្រឹក្សាឧទ្ធរណ៍ឯករាជ្យបានសន្និដ្ឋានចំពោះ ការដាក់ទណ្ឌកម្មលើការបំពានរបស់ Everton នៃច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព PSRs សម្រាប់រយៈពេលបញ្ចប់រដូវកាល ២០២១-២២ នឹងក្លាយជាការកាត់ចេញចំនួន ៦ តែប៉ុណ្ណោះ។”
ដោយឡែក ទោះជាការកាត់បន្ថយទណ្ឌកម្មនេះ បានជួយរុញច្រានក្លិប Everton បានមួយចំណែកក៏ដោយ ប៉ុន្តែក្លិបក៏នឹងអាចប្រឈមមុខទៅនឹងការកាត់ពិន្ទុផ្សេងទៀតដែលអាចធ្វើបានដដែល៕