បន្ទាប់ពីលោក Steve Bruce បានចាកចេញពីតំណែងរួចមក ពេលនេះក្លិប Newcastle United បានរកឃើញអ្នកចាត់ការថ្មីហើយគឺលោក Eddie Howe ដោយលោកចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ២០២៤។
បុរសវ័យ៤៣ឆ្នាំ មិនមានក្លិបដឹកនាំទេចាប់តាំងពីចាកចេញពីក្លិប Bournemouth កាលពីខែសីហា ឆ្នាំ២០២០ បន្ទាប់ពីក្លិបបានធ្លាក់ចេញពីក្របខណ្ឌ Premier League។ លោកធ្លាប់ដឹកនាំក្លឹបនេះ ២លើក ចន្លោះឆ្នាំ ២០០៨-២០១១ និង ២០១២-២០២០ ស្របពេលដែលចន្លោះឆ្នាំ ២០១១-១២ នោះ គឺបុរសសញ្ជាតិអង់គ្លេស ឈរជើងជាអ្នកចាត់ការឲ្យក្លឹប Burnley។ ស្ថិតិដឹកនាំជារួមរបស់លោក Eddie Howe គឺឆ្លងកាត់ ៥៤៤ ប្រកួត ឈ្នះ ២៣០ ស្មើ ១០៩ និងចាញ់ ២០៥ លើក។
ក្រោយទទួលបានការងារនៅ ទឹកដី St James’ Park លោក Eddie Howe បានថ្លែងពីចំណាប់អារម្មណ៍របស់លោកថា “វាពិតជាមានកិត្តិយសណាស់ ដែលបានក្លាយជាគ្រូបង្គោលរបស់ក្លិប ដែលមានប្រវត្តិសាស្ត្រអស្ចារ្យ។ វាជាថ្ងៃដែលមានមោទកភាពសម្រាប់ខ្ញុំ និងគ្រួសារ។”
Newcastle បច្ចុប្បន្នកំពុងជាប់ឈ្មោះជាក្លិបអ្នកមាននៅអឺរ៉ុប ដោយក្លិបមួយនេះ ទើបបានផ្លាស់ម្ចាស់ថ្មី ដែលជាព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ដោយទ្រង់មានទ្រព្យសម្បត្តិរហូតដល់៣០០ពាន់លានផោនឯណោះ។ ទោះយ៉ាងណា ពេលនេះ Newcastle កំពុងឈរលេខ ១៩ នៅតារាង Premier League ដោយមាន ៥ពិន្ទុ ប្រឈមខ្ពស់អាចនឹងធ្លាក់ចេញពីលីគកំពូល នៅបញ្ចប់រដូវកាល៕