×

កីឡាករជម្រើសជាតិអាល្លឺម៉ង់៥រូប ត្រូវដាក់ខ្លួនដាក់ដោយឡែក ខណៈការប្រកួតជម្រុះ World Cup កាន់តែខិតចូលមកដល់

កីឡាករក្រុមជម្រើសជាតិអាល្លឺម៉ង់ចំនួន៥រូប ត្រូវបានស្នើឱ្យដាក់ខ្លួនដាច់ដោយឡែក បន្ទាប់ពីម្នាក់ក្នុងចំណោមនោះត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ នៅមុនការប្រកួតជម្រុះ World Cup ២០២២ ក្នុងខែវិច្ឆិកានេះ។

នាយកប្រតិបត្តិក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Oliver Bierhoff បានឱ្យដឹងកាលពីថ្ងៃអង្គារថា ខែ្សការពារ Bayern Munich កីឡាករ Niklas Suele បានចេញលទ្ធផលវិជ្ជមានកូវីដ១៩ ក្រោយឆ្លងកាត់ការធ្វើតេស្តជុំទី២រួចមក។ Niklas Suele បានពាក់ព័ន្ធនឹងកីឡាករចំនួន៤រូបទៀត គឺមិត្តរួមក្លិប Bayern Munich របស់គេដែលមានកីឡាករ Joshua Kimmich, Serge Gnabry, Jamal Musiala រួមទាំងកីឡាករក្លិប Red Bull Salzburg មួយរូបទៀតគឺខ្សែប្រយុទ្ធ Karim Adeyemi ផងដែរ។ អ្នកទាំង៤នៅពេលនេះចេញលទ្ធផលអវិជ្ជមានទេ តែដោយសារពួកគេបានប៉ះពាល់ផ្ទាល់ជាមួយ Niklas Suele ទើបពួកគេត្រូវតែដាក់ខ្លួនដាច់ដោយឡែកសិន។នេះមានន័យថា អ្នកទាំង៥ត្រូវខកខានការប្រកួតជម្រុះ World Cup ២០២២ ក្នុងខែវិច្ឆិកាទល់នឹងក្រុម Liechtenstein នៅថ្ងៃទី១១ និងការប្រកួតទល់នឹងក្រុមអាមេនី នៅថ្ងៃទី១៤ ខាងមុខ។

ទោះយ៉ាងណាក្តី ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក៏មិនមានការភ័យព្រួយច្រើនដែរ ត្បិតអីកាលពីខែមុនពួកគេបានក្លាយជាក្រុមដំបូងគេទៅហើយដែលកក់កៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ FIFA World Cup 2022 នាប្រទេសកាតា។ ជាក់ស្តែង ក្នុងការប្រកួតពូល G តំបន់អឺរ៉ុប ក្រុមអាល្លឺម៉ង់ មានដល់ទៅ២១ពិន្ទុ ពី៨ប្រកួត ច្រើនជាងក្រុមលេខ២រ៉ូម៉ានីដល់ទៅ៨ពិន្ទុឯណោះ ហើយការប្រកួតសល់តែ២លើកនេះទៀតប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង