អ្នកគាំទ្រ Bayern Munich កំពុងដាក់សម្ពាធលើក្លិបឱ្យបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរបស់ក្រុមហ៊ុន Qatar Airways ចំពេលមានការអះអាងការរំលោភសិទ្ធិមនុស្ស។
Bayern Munich បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភរយៈពេល ៥ឆ្នាំជាមួយក្រុមហ៊ុនរដ្ឋ Qatar Airways ក្នុងឆ្នាំ២០១៨ ដែលមានតម្លៃប្រហែល ២០លានអឺរ៉ូ។ ស្លាកសញ្ញារបស់ក្រុមហ៊ុនអាកាសចរណ៍ គឺនៅលើដៃអាវរបស់កីឡាករ Bayern Munich។ ទោះយ៉ាងណា អ្នកគាំទ្រជាច្រើន ចង់ឱ្យប្រធានក្លិបលោក Herbert Hainer កាត់ផ្តាច់ទំនាក់ទំនងនៅពេលដែលកិច្ចព្រមព្រៀងកាតាផុតកំណត់នៅឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្លិប អ្នកគាំទ្របានព្យាយាមដាក់ចលនាទាមទារឱ្យមានការមិនបន្តកិច្ចព្រមព្រៀង។
ក្រុមអ្នកតវ៉ា បានចោទប្រកាន់ប្រទេសកាតាថា បានកេងប្រវ័ញ្ចពលករបរទេស ជាពិសេសទៅលើការសាងសង់កីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ដែលនឹងចាប់ផ្តើមនៅខែវិច្ឆិកាឆ្នាំក្រោយ។ យ៉ាងណា មន្ត្រីរបស់ប្រទេសកាតា បដិសេធការចោទប្រកាន់ទាំងឡាយ។
បន្ថែមពីនេះទៀត អ្នកគាំទ្រ Bayern Munich មួយចំនួនមិនសប្បាយចិត្តដែលក្រុមម្ចាស់ជើងឯក Bundesliga បានបោះជំរុំហ្វឹកហាត់រដូវរងាប្រចាំឆ្នាំនៅប្រទេសកាតា មុនពេលជំងឺរាតត្បាតកូវីដ១៩ ដែលជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែង។
ក្រៅពីក្រុមអ្នកគាំទ្រហើយ កីឡាករជាច្រើនរូបរបស់ក្លិប Bayern Munich ផ្ទាល់ រួមទាំងប្រធានក្រុម Manuel Neuer ក៏បានស្នើឱ្យម្ចាស់ក្លិបមិនបន្តកុងត្រាថ្មីជាមួយក្រុមហ៊ុន Qatar Airways ផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕