×

ព័រទុយហ្គាល់ ប្រឈមនឹងអវត្តមាននៅ World Cup ជាលើកដំបូងចាប់ពីឆ្នាំ១៩៩៨

Cristiano Ronaldo បានធានាយ៉ាងមុតមាំថា ព័រទុយហ្គាល់នឹងឡើងទៅកាន់ FIFA World Cup ឆ្នាំ 2022 ដោយស្វ័យប្រវត្តិ នៅប្រទេសកាតា បន្ទាប់ពីការប្រកួតចុងក្រោយទល់នឹងក្រុមស៊ែប សម្រាប់វគ្គសន្សំពិន្ទុតាមពូល នៅទ្វីបអឺរ៉ុប។ ប៉ុន្តែការធានារបស់គាត់ បានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ហើយឥឡូវនេះ Ronaldo នឹងត្រូវធ្វើការងារធ្ងន់បន្ថែមទៀត នៅវគ្គចាញ់ធ្លាក់នៅឆ្នាំក្រោយ។

ព័រទុយហ្គាល់ បានប្រកួតចុងក្រោយក្នុងពូល A ហើយការឈ្នះ ឬស្មើ គឺគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការកក់សំបុត្រយន្តហោះទៅកាន់ប្រទេសកាតា ឆ្នាំ២០២២។ ផ្ទុយទៅវិញ ព័រទុយហ្គាល់ បានភ្លាត់ចាញ់ស៊ែប ២-១ នៅចុងម៉ោង ធ្វើឱ្យពួកគេត្រូវឈរនៅចំណាត់ថ្នាក់លេខ២ ដែលតម្រូវឱ្យលេងវគ្គចាញ់ធ្លាក់សិន ខណៈក្រុមលេខ១ក្នុងពូល ពោលគឺស៊ែប បានកក់សំបុត្រទៅកាតាដោយស្វ័យប្រវត្តិ។ សម្រាប់កៅអីវគ្គចាញ់ធ្លាក់នេះ វានឹងសម្រេចថាតើ Ronaldo ដែលមានវ័យ ៣៦ ឆ្នាំទៅហើយនោះ អាចមានឱកាសដើម្បីបញ្ចប់អាជីពរបស់គាត់នៅ World Cup បានដែរឬទេ។

ប៉ុន្តែការប្រកួតវគ្គចាញ់ធ្លាក់នឹងមានភាពលំបាក។ ព័រទុយហ្គាល់ នឹងត្រូវឈ្នះការប្រកួតពីរដាច់ដោយឡែកពីគ្នា ឬពួកគេនឹងត្រូវខកខានការលេងនៅ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៨។

សម្រាប់វគ្គចាញ់ធ្លាក់របស់ទ្វីបអឺរ៉ុប ក្រុមចំនួន ១២ ដែលជាក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ទាំង១០ និងក្រុមចំនួន២ មកពី UEFA Nations League នឹងត្រូវបែងចែកជា ៣ពូល ដែលមាន៤ក្រុមក្នុងមួយពូល។ ក្នុង១ពូល នឹងមានសំបុត្រទៅ World Cup តែមួយ សន្លឹកប៉ុណ្ណោះ ពោលគឺយក៣ក្រុម។

ក្រុមទាំង៤ ក្នុងពូលទាំង៣ នឹងប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែមួយដង (ថ្ងៃទី២៤-២៥ ខែមីនា) បន្ទាប់មកការប្រកួតវគ្គផ្តាច់ព្រ័ត្រតែមួយដង (ថ្ងៃទី២៨-២៩ ខែមីនា)។ មានតែអ្នកឈ្នះវគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះ នឹងទៅប្រទេសកាតា។

Ronaldo កំពុងព្យាយាមបង្ហាញខ្លួននៅ World Cup ជាលើកទី៥ ដែលធ្លាប់បានឡើងដល់វគ្គ ៤ក្រុមចុងក្រោយជាមួយព័រទុយហ្គាល់។

សូមជម្រាបថា បន្ទាប់ពីលទ្ធផលស្មើ ០-០ ក្នុងទីក្រុង Dublin ជាមួយក្រុមអៀរឡង់ មុនប៉ះស៊ែប Ronaldo បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ដើម្បីធានាអ្នកគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់ថា ពួកគេនឹងធ្វើវាឱ្យបាននៅប្រកួតចុងក្រោយ។ “នៅថ្ងៃអាទិត្យ នៅចំពោះមុខអ្នកគាំទ្ររបស់យើងនៅក្នុងផ្ទះ យើងនឹងកក់កន្លែងរបស់យើងក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅកាតា”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង