ខ្សែបម្រើស្លាប Amad Diallo របស់ Man UTD បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំកន្លះ ពោលគឺនឹងនៅជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ ២០៣០។
កិច្ចសន្យាចាស់របស់កីឡាករវ័យ ២២ ឆ្នាំ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដោយក្លិបមានជម្រើសក្នុងការបង្កើតលក្ខខណ្ឌបន្ថែមរយៈពេល ១២ ខែ ។ យ៉ាងណា Man UTDបានជ្រើសរើសផ្តល់កិច្ចសន្យាថ្មីទៅអោយកីឡាករអន្តរជាតិកូតឌីវ័រ ដែលបានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៧ ដងក្នុងរដូវកាលនេះ។
ជុំវិញការចុះកិច្ចសន្យាថ្មីនេះដែរ Diallo បាននិយាយថា “ខ្ញុំពិតជាមានមោទនភាពដែលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ។ ខ្ញុំមានពេលវេលាមិនគួរអោយជឿជាមួយក្លិបនេះរួចហើយ ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។ ខ្ញុំមានមហិច្ឆតាធំនៅក្នុងការប្រកួតនេះ ហើយខ្ញុំចង់សម្រេចបានប្រវត្តិសាស្ត្រនៅ Manchester United ។”
Amad Diallo បានចូលរួមជាមួយ Man UTD ក្នុងឆ្នាំ ២០២១ ពីក្លិបអ៊ីតាលី Atalanta ហើយស៊ុតបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៥០ដង។ Diallo បានបង្ហាញខ្លួនត្រឹមតែ ៩ ដងប៉ុណ្ណោះសម្រាប់ក្លិបបិសាចក្រហម ក្នុង ៤ រដូវកាលដំបូងរបស់គេនៅកីឡដ្ឋាន Old Trafford ហើយត្រូវបានខ្ចីជើងទៅកាន់ Glasgow Rangers នៅពាក់កណ្តាល រដូវកាល ២០២១-២២។ រូបគេត្រូវបានបន្តខ្ចីជើងទៅកាន់ក្លិប Sunderland នៃក្របខណ្ឌ Championship ហើយអំឡុងពេលនោះ វាបាន បង្ហាញពីការអភិវឌ្ឈខ្លួនរបស់គេ ដោយបានស៊ុតបញ្ចូលទី ១៤ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤២ ដងសម្រាប់ Sunderland ។ ទោះបីជាមានសំណើជាច្រើនសម្រាប់ Amad Diallo ក៏ដោយ ក៏អតីតគ្រូបង្វឹក Man UTD លោក Erik ten Hag បានជ្រើសរើសរក្សារូបគេនៅក្លិបសម្រាប់រដូវកាល ២០២៣-២៤។
របួសជង្គង់ដែលកើតមានក្នុងរដូវកាលមុនបានធ្វើអោយ Diallo ត្រូវសម្រាករយៈពេល ៥ ខែ ប៉ុន្តែក្រោយជាសះស្បើយនិងវិលមកកាន់ទីលានវិញ រូបគេបានជួយស៊ុតបញ្ចូលទីអោយ Man UTD ឈ្នះ Liverpool ៤-៣ នៅវគ្គ៨ក្រុមចុងក្រោយ FA Cup រដូវកាលមុនដែលជាការប្រកួតមួយដ៏អស្ចារ្យសម្រាប់ក្រុមនៅឯកីឡដ្ឋាន Old Trafford ៕