មានការរាយការណ៍អោយដឹងថា ក្លិប Man UTD បានយល់ព្រមអោយ ខ្សែបម្រើ Antony លេងខ្ចីជើងនៅ ក្លិប Real Betis រហូតដល់ដំណាច់រដូវកាលនេះ។
កីឡាករសញ្ជាតិប្រេស៊ីល បានបរាជ័យក្នុងការបង្ហាញសមត្ថភាពខ្ពស់ ក្នុងនាមជាកីឡាករថ្លៃបំផុតទី២ក្នុងប្រវត្តិសាស្ត្ររបស់ Man UTD ។
Antony មានតម្លៃ ៨១,៣ លានផោននៅពេលដែល Man UTD បានចុះហត្ថលេខាយករូបគេពី Ajax ក្នុងខែសីហា ឆ្នាំ២០២២ អំឡុងការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Erik ten Hag ។
ចាប់តាំងពីមកលេងនាកីឡដ្ឋាន Old Trafford រូបគេបានស៊ុតបញ្ចូលទីបាន ១២ គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួន៩៦ប្រកួត។
ក្នុងនោះដែរ កីឡាករវ័យ២៤ឆ្នាំ បានស៊ុតបញ្ចូលទីបានមួយគ្រាប់នៅក្នុងការប្រកួតក្របខណ្ឌ Premier League ចាប់តាំងពីខែមេសា ឆ្នាំ២០២៣ ហើយឱកាសរបស់គេនៅក្នុងក្រុមដំបូងបានធ្លាក់ចុះ ដោយរដូវកាលនេះគេបង្ហាញខ្លួនតែ១៤ដងប៉ុណ្ណោះគ្រប់ការប្រកួតរបស់ក្រុមបិសាចក្រហម។
មានក្លិបមួយចំនួនមានចំណាប់អារម្មណ៍ ហើយបានសាកសួរអំពីស្ថានភាពរបស់ ប៉ុន្តែមានតែការពិភាក្សាជាមួយ Real Betis មានភាពជឿនលឿនជាងគេ ហើយក៏ឈានដល់ការព្រមព្រៀងគ្នា ដោយ Antony នឹងទៅលេងនាកីឡដ្ឋាន Benito Villamarín ក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ដាច់រដូវកាលនេះ។
កិច្ចព្រមព្រៀងរវាងក្លិបទាំង២ មិនបានរួមបញ្ចូលពីកាតព្វកិច្ចក្នុងការទិញយក Antony ផ្តាច់នោះទេ។
Real Betis កំពុងឈរលេខរៀបទី ១២ នៅក្របខណ្ឌ La Liga ហើយពួកគេក៏មានការប្រកួតពានរង្វាន់ទី៣អឺរ៉ុប UEFA Conference League ក្នុងដៃដែរ ដោយត្រូវប៉ះក្រុមបែលហ្ស៊ីក Gent ក្នុងវគ្គ Play-Off ដែលធ្វើឡើងចំនួន២ជើង នៅខែកុម្ភៈខាងមុខ៕