×

លោក Antonio Conte ចូលដឹកនាំដំបូងជួយ Tottenham Hotspur ឈ្នះការប្រកួតក្នុងកម្មវិធី Europa Conference League

លោក Antonio Conte បានចាប់ផ្តើមយុគសម័យរបស់ខ្លួនជាមួយ Tottenham Hotspur យ៉ាងល្អដោយចូលដឹកនាំលើកដំបូងក៏បានយកឈ្នះក្រុមភ្ញៀវមកពីហុល្លង់ Vitesse ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ UEFA Europa Conference League ជុំទី៤ ពូល G។

ខ្សែប្រយុទ្ធ Heung-Min Son បានរកគ្រាប់បើកឆាកឱ្យក្រុមមាន់ខ្នាយមាសនៅក្នុងនាទី១៥ មុនពេលខ្សែបម្រើ Lucas Moura ថែមគ្រាប់ទី២នៅនាទី២២។ Spurs បន្តរកបានគ្រាប់នាំមុខគ្រាប់ទី៣យ៉ាងងាយស្រួល នៅនាទី២៨ ដោយបាល់ចូលទីខ្លួនឯងពីខ្សែការពារ Jacob Rasmussen ។ យ៉ាងណាមិញ ក្រុម Vitesse ក៏មិនក្រុមគូប្រជែង នាំមុខដោយងាយស្រួលដែល ដោយពួកគេប្រឹងតាមវាយសម្រុករហូតយកបាន២គ្រាប់មកវិញដោយ Jacob Rasmussen បានលុបលាងកំហុសរបស់ខ្លួននៅនាទី៣២ និងខ្សែបម្រើ Matúš Bero រកគ្រាប់បញ្ចូលទីនៅនាទី៣៩មុនចប់វគ្គទី១។

នៅក្នុងវគ្គទី២ ការប្រកួតនៅតែមមាញឹកដដែល ប៉ុន្តែនាទី៥៩ ខ្សែការពារ Cristian Romero បានរងពិន័យកាតលឿងទី២ស្មើកាតក្រហម នាំឱ្យក្រុមលោក Conte សល់គ្នាតែ១០នាក់។ យ៉ាងណា ពួកគេនៅតែរក្សាសំណាញ់ទីបានល្អ។ ផ្ទុយមកវិញ ក្រុម Vitesse ក៏មានកីឡាកររងពិន័យកាតក្រហមដែរ គឺកីឡាករ Danilho Doekhi ត្រូវពិន័យនៅនាទី៨១ និង កីឡាករអ្នកចាំទី Markus Schubert ត្រូវពិន័យនៅនាទី៨៥។ យ៉ាងណា លទ្ធផល Tottenham Hotspur ៣ Vitesse ២ មិនផ្លាស់ប្តូរទេរហូតដល់ចប់ការប្រកួត។

ក្រោយបានឈ្នះ លោក Conte ដែលមកជំនួសកៅអីលោក Nuno Espirito Santos បានបង្ហាញចំណាប់អារម្មណ៍ថា Spurs មានចំណុចត្រូវកែប្រែច្រើន និងត្រូវពង្រឹងសមត្ថភាពគ្រប់គ្នាឡើងវិញ។

សម្រាប់ជ័យជម្នះនេះក្រុម Tottenham Hotspur បានឡើងមកលេខ២ ក្នុងពូល G មាន៧ពិន្ទុ ក្រុម Vitesse នៅលេខ៣ មាន៦ពិន្ទុ។ រីឯចំណាត់ថ្នាក់កំពូលតារាងនៅតែកាន់កាប់ដោយក្រុម Rennes មាន១០ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Mura របស់ស្លូវ៉ាគី ក្នុងលទ្ធផល ១-០៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង