ល្បែងអុកចត្រង្គ ជាមរតកវប្បធម៌សិល្បៈអរូបិយដែលជាផ្នែកមួយនៃខឿនវប្បធម៌ខ្មែរ មានតំណច្រើនរយឆ្នាំមកហើយ។ តាមឯកសារកត់ត្រាប្រវត្ដិសាស្ដ្របានបង្ហាញដឹងថា ល្បែងអុកនេះមានភាពផុលផុសពេញនិយមណាស់ នៅលើទឹកដីខ្មែរនាសម័យអង្គរ។
ទោះបីនៅប្រទេសជិតខាង គេបានចាត់ទុកល្បែងប្រភេទនេះថាមានអាយុកាលច្រើនសតវត្សរ៍នៅលើទឹកដីរបស់គេក៏ដោយ ក៏ល្បែងអុកចត្រង្គ មានអាយុកាលច្រើនសតវត្សរ៍មកហើយ និងថែមទាំងមានឆ្លាក់ទុកជាប្រវត្ដិសាស្ដ្រនៅតាមប្រាសាទបុរាណមួយចំនួនទៀតផង។ តាមរយៈការស្រាវជ្រាវអំពីចម្លាក់បានឱ្យដឹងថា ល្បែងអុកចត្រង្គបានបង្ហាញចម្លាក់ទុកជាប្រវត្ដិសាស្ដ្រនៅប្រាសាទបាយ័ន ប្រាសាទអង្គរវត្ដ និងប្រាសាទព្រះខ័ន។ល។ ដូចនេះ អុកចត្រង្គ គឺជាល្បែងប្រជាប្រិយខ្មែរដ៏ថ្លៃថ្នូរបំផុត។
ពាក្យចត្រង្គនេះមកពីពាក្យសំស្ក្រឹតគឺ ចតុរង្គ មានកូន៣២ សម្រាប់លេងដើរលើក្ដារបួនជ្រុងមានក្រឡា ៦៤ ។ កូនទាំង៣២ មានកូន ២ហៅថា ខុន ទុកជាស្ដេចទ្រង់រាជ្យ, មានកូន២ ហៅថា នាង ទុកជាអគ្គមហេសី មានកូន៤ ហៅថា គោល ទុកជាសេនាបតី ឬ មេទ័ព, មានកូន៤ ហៅថាសេះ , មានកូន៤ ហៅថាទូក, មានកូន១៦ ហៅថា ត្រី ទុកជាសេនាទាហានរេហ៍ពលរៀបជារបៀបសេនាកងទ័ពមានអង្គ៤ ជាល្បែងសម្រាប់លេងឱ្យឈ្លាសវៃក្នុងឧបាយកលរបស់អ្នកចម្បាំងក្នុងសម័យបុរាណ។
គោលបំណងនៃការលេង គឺភាគីម្ខាងៗគិតប្រើទ័ពចត្រង្គរបស់ខ្លួនយ៉ាងណាទៅអុកសម្លាប់ស្ដេចនៃភាគីម្ខាងទៀតឱ្យបាន ដោយគោរពទៅគោលការណ៍ផ្សេងៗ។
ខុន ដើរម្ដងមួយក្រឡា បានទាំង៨ទិសជុំវិញខ្លួន (៨ក្រឡាជុំវិញខ្លួន ដើរទៅមួយណាក៏បាន)។
នាង ដើរម្ដងមួយក្រឡា បានតែ ៤ទិសបញ្ឆិត (ក្រឡាទល់ជ្រុងគ្នា)។
គោល ដើរម្ដងបានមួយក្រឡា បានតែ ៥ទិស គឺ ៤ទិសបញ្ឆិត និងទៅមុខត្រង់១។
សេះ ដើរម្ដងបាន៣ក្រឡា គឺ ត្រង់២ (ទៅមុខក្រោយឆ្វេងស្គាំបានទាំងអស់) បត់១។
ទូក ដើរប៉ុន្មានក្រឡាក៏បាន បានតែ៤ទិសត្រង់។
ត្រី មានពីរករណី។ ត្រីធម្មតាដើរបានតែទៅមុខ។ ត្រីទាំងឡាយណាដែលដើរទៅមុខរហូតដល់ជួរត្រីរបស់នគរម្ខាងទៀត ហៅថា ត្រីបក។ គេសម្គាល់ត្រីបក ដោយក្រឡាប់កូនត្រីទៅម្ខាងទៀត។ ត្រីបកដើរដូច នាង៕