×

ខ្សែប្រយុទ្ធ Kylian Mbappe នៅតែអាចបន្តលេង UEFA Euro បានធម្មតាទោះមានបញ្ហារបួសច្រមុះ

ខ្សែប្រយុទ្ធបារាំង Kylian Mbappe នៅតែអាចបន្តលេងបានធម្មតា ទោះបីជារូបគេជួបរឿងអកុសល ដោយបាក់ខ្ទង់ច្រមុះ អំឡុងប្រកួតជុំទី១ របស់ក្រុមជម្រើសជាតិបារាំងនៅក្នុងព្រឹត្តិការណ៍អឺរ៉ុប UEFA Euro 2024។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់បារាំង។

បារាំងបានយកឈ្នះក្រុមជម្រើសជាតិអូទ្រីសក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងប្រកួតបើកឆាកនៅពូល D។

យ៉ាងណាមិញ នៅក្នុងវគ្គទី២ Kylian Mbappe បានបុកជាមួយនឹងកីឡាករអូទ្រីស Kevin Danso ដែលបណ្ដាលអោយឈាមច្រាបចេញពីខ្ទង់ច្រមុះរបស់ខ្លួន។ Mbappe ក៏ត្រូវបានផ្លាស់ចេញពីការប្រកួតភ្លាមៗក្រោយមានឧបទ្ទវហេតុនេះកើតឡើង។

ដំបូងឡើយ មានការព្រួយបារម្ភថា កីឡាករវ័យ២៥ឆ្នាំ នឹងត្រូវឆ្លងកាត់ការវះកាត់ខ្ទង់ច្រមុះ។ ការវះកាត់នេះអាចនឹងបណ្ដាលអោយកីឡាករបារាំងរូបនេះ ខកខានជួយប្រទេសរបស់ខ្លួនរហូតដល់វគ្គ ៨ក្រុមចុងក្រោយឯណោះ។

យ៉ាងណាមិញ ខាងសហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្ដីថ្លែងការណ៍ថា Kylian Mbappe បានត្រលប់មកហ្វឹកហាត់នៅជំរំបាល់ទាត់បារាំងហើយ។ រូបគេនឹងទទួលបានការព្យាបាលនៅប៉ុន្មានថ្ងៃខាងមុខ ដោយមិនឆ្លងកាត់ការវះកាត់ភ្លាមៗនោះទេ។

ម៉ាសពិសេសមួយនឹងត្រូវផ្ដល់ជូន ដើម្បីអោយ Kylian Mbappe គិតគូរក្នុងការបន្តលេងនៅក្នុងព្រឹត្តិការណ៍ Euro 2024 ក្រោយពេលដែលទទួលបានការព្យាបាលរួច។

បារាំងបច្ចុប្បន្នកំពុងឈរលេខ២ ក្នុងពូល D មាន ៣ពិន្ទុស្មើក្រុមកំពូលតារាងហូឡង់ ស្របពេលប៉ូឡូញ និង អូទ្រីស មាន០ពិន្ទុដូចគ្នា។ បារាំងនឹងត្រូវបន្តដំណើរទៅប៉ះក្រុមហូឡង់ នៅការប្រកួតជុំទី២ ពូល D នៅថ្ងៃទី២២ ខែមិថុនា ចំណែកអូទ្រីស នឹងបន្តទៅជួបក្រុមប៉ូឡូញ នៅថ្ងៃទី២១ ខែមិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង