×

ខ្សែការពារអេស្ប៉ាញ Daniel Vivian សរសើរ Lamine Yamal ថា ជាកីឡាករវ័យក្មេងតែមានទេពកោសល្យល្អបំផុតមួយរូប

ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ Daniel Vivian បានធ្វើការលើកសរសើរ មិត្តរួមក្រុមរបស់គេគឺ ខ្សែបម្រើ Lamine Yamal ថាជាកីឡាករដែលមានទេពកោសល្យ និង សមត្ថភាពល្អបំផុតមួយរូប បើទោះជារូបគេមានវ័យក្មេងជាងគេ ទើបតែវ័យ១៦ឆ្នាំក៏ដោយ។

ជាការពិត បច្ចុប្បន្នក្រុមអេស្ប៉ាញ កំពុងធ្វើការហ្វឹកហាត់ត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Euro 2024។

ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប ឆ្នាំនេះ ក្រុមអេស្ប៉ាញ បានបង្ហាញទម្រង់លេងល្អមែនទែន ដោយបានរក្សាកំណត់ត្រាឈ្នះគូប្រកួតរបស់ខ្លួនជាបន្តបន្ទាប់។ កីឡាករអេស្ប៉ាញគ្រប់រូបសុទ្ធតែមានគុណសម្បត្តិរៀងខ្លួន ប៉ុន្តែក្នុងនោះកីឡាករដែលលេចធ្លោជាងគេរបស់ក្រុមគោជល់គឺ Lamine Yamal។

តួយ៉ាង Daniel Vivian បានលើកសរសើរថា គ្រាប់បាល់របស់ Lamine Yamal គឺជាចំណុចសំខាន់ ដែលជួយក្រុមអេស្ប៉ាញ ឈ្នះ ទៅលើក្រុមបារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពេលដែលក្រុមទាំង២កំពុង មានការប្រកួតដ៏តានតឹងជាមួយគ្នាខ្លាំង។

Daniel Vivian ក៏បានបន្ថែមថា Lamine Yamal ជាកីឡាករដែលមានស្មារតីស្ងប់ស្ងាត់ និងមានទំនួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលគេត្រូវសម្រេចចិត្តធ្វើ។

ដោយឡែក ក្រុមជម្រើសជាតិអេស្ប៉ាញ ក៏បានបង្ហាញពីជំនឿចិត្ត ចំពោះការប្រកួតរបស់ខ្លួន ប៉ុន្តែពួកគេក៏ត្រូវការការត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីឈានដល់គោលដៅ គឺការវ៉ាហួសក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការក្លាយជាក្រុមឈ្នះជើងឯក UEFA Euro ច្រើនជាងគេ ខណៈទាំងអេស្ប៉ាញ និង អាល្លឺម៉ង់ បច្ចុប្បន្ន កំពុងកាន់កំណត់ត្រាឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបនេះចំនួន ៣ ដងដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង