×

គ្រូអេស្ប៉ាញថាខ្លួនរីករាយបំផុតក្រោយគ្រងជើងឯក UEFA Euro 2024

គ្រូបង្វឹកលោក Luis de la Fuente បាននិយាយថា រូបលោកមានមោទនភាព និង ក្តីរីករាយបំផុត ក្រោយពីបានដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ យកឈ្នះក្រុមជម្រើសជាតិអង់គ្លេស ដើម្បីក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024។

ជាការពិត អេស្ប៉ាញ ក្លាយជាជើងឯក UEFA Euro 2024 ក្រោយយកឈ្នះអង់គ្លេស ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតដែលធ្វើឡើងកាលពីយប់មិញ នាកីឡដ្ឋាន Olympiastadion ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្រុមទាំងសងខាងបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង និងមានឱកាសល្អៗដូចគ្នាប៉ុន្តែមិនអាចមានក្រុមណាអាចស៊ុតបញ្ចូលទីបានទេនៅវគ្គទី១ គឺ ០-០។

នៅវគ្គទីពីរ អេស្ប៉ាញ បើកការសម្រុកខ្លាំង ហើយក៏រកបាន១គ្រាប់ បើកឆាក ដោយ Nico Williams ស៊ុតនៅនាទី៤៧។ ក្រោយត្រូវ នាំមុខមុន អង់គ្លេសបានបង្កើនការសម្រុកវិញហើយក៏តាមស្មើនៅនាទី៧៣ ដោយ Cole Palmer ក្រោយរូបគេទើបប្តូរចូលបាន៣នាទី។ ឈានដល់ចុងម៉ោងនាទី៨៦ អេស្ប៉ាញបានវាយសម្រុកខ្លាំងឡើង រហូតអាចរកបានគ្រាប់បាល់នាំមុខជាថ្មី ដោយការស៊ុតពី Mikel Oyarzabal។ លទ្ធផល ២-១ បន្តដល់ចប់ការប្រកួត ដោយអេស្ប៉ាញជាអ្នកឈ្នះនិងបញ្ចប់ក្តីសង្ឃឹមរបស់អង់់គ្លេសក្នុងការឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបលើកដំបូង។

ជាមួយនឹងជោគជ័យនេះ គ្រូបង្វឹកក្រុមអេស្ប៉ាញលោក Luis de la Fuente បានបង្ហាញពីភាពរីករាយរបស់ខ្លួនយ៉ាងខ្លាំង និងកោតសរសើរការតស៊ូរាល់ភាពលំបាករបស់កីឡាករ រហូតអាចឈ្នះពានទ្វីបអឺរ៉ុបនៅពេលនេះ។

គ្រូបង្វឹកវ័យ ៦៣ឆ្នាំ អោយដឹងថា “វាពិតជាពិបាកក្នុងការសម្រេចបាននូវជោគជ័យដ៏ធំធេងបែបនេះ ប៉ុន្តែកីឡាកររបស់ខ្ញុំបានបង្ហាញអោយឃើញថា យើងអាចធ្វើវាបាន។ ពួកគេមានការរីកចម្រើន និង អនាគតដ៏ល្អ ហើយពួកគេមិនបង្ហាញភាពនឿយហត់ក្នុងការព្យាយាមធ្វើអោយក្រុមទទួលជោគជ័យទេ។ នេះជាមោនភាព និង ក្តីរីករាយបំផុតរបស់ខ្ញុំ ដែលបានដឹកនាំពួកគេ ហើយយើងបានសម្រេចនូវគោលដៅរបស់យើង។”

ការឈ្នះជើងឯកនៅពេលនេះ បានធ្វើអោយអេស្ប៉ាញក្លាយជាក្រុមឈ្នះពានរង្វាន់អឺរ៉ុប UEFA Euro ច្រើនជាងគេដល់ទៅ ៤លើក ពីការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រ ៥លើក ក្នុងប្រវត្តិសាស្ត្រនិងជាការឈ្នះ ១០០ភាគរយក្នុងការប្រកួតថែមទៀតផង។ ចំណែកឯអង់គ្លេសជួបភាពខកចិត្តសាជាថ្មី គឺបានតំណែងរងជើងឯក២ដងជាប់គ្នា ទាំងនៅ UEFA Euro 2024 និង UEFA Euro 2020 កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង