×

គ្រូ Arsenal បង្កើនការព្រួយបារម្ភបញ្ហាកីឡាកររបួសច្រើនរូបក្រោយស្មើ Chelsea

គ្រូបង្វឹក Arsenal លោក Mikel Arteta បាននិយាយថា លោកកាន់តែមានភាពព្រួយបារម្ភពីការប្រកួតរបស់ក្រុម បន្ទាប់ពីកីឡាករចំនួន២រូបទៀត បានរងរបួសអំឡុងការប្រកួតក្របខណ្ឌ Premier League ទល់នឹង Chelsea កាលពីចុងសប្តាហ៍កន្លងទៅ។

ជាការពិត ការប្រកួតនាកីឡដ្ឋាន Stamford Bridge ដែលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នោះកីឡាកររបស់ Arsenal ចំនួន២រូបបន្ថែមបានរងរបួសនោះគឺ Bukayo Saka និង Declan Rice។

ក្រុមកាំភ្លើងធំ ដែលចាប់ផ្តើមការប្រកួតដោយគ្មាន Riccardo Calafiori និង Takehiro Tomiyasu នោះ បាននាំមុខដោយគ្រាប់បាល់របស់ Gabriel Martinelli នៅនាទី៦០នៃវគ្គទី២ បន្ទាប់ពីគ្មានគ្រាប់បាល់កើតឡើងនៅវគ្គទី១។ យ៉ាងណាមិញ ពួកគេត្រូវបានក្រុមតោខៀវវាយបកតាមស្មើវិញ ដោយ Pedro Neto នៅនាទី៧០ ដោយបានរក្សាគ្រាប់បាល់ ១-១ ដល់ចប់ការប្រកួត។

លោក Arteta បានទទួលស្គាល់ថា លោកមានការខកចិត្តចំពោះលទ្ធផលដែលក្រុមទទួលបាន បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួចមក ហើយក្រៅពីនេះក៏មានកីឡាករបន្ថែមទៀតត្រូវរងរបួស។

ទាក់ទិននឹងរឿងនេះ គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងថា “វាមិនមែនជាដំណឹងល្អទេ ព្រោះកីឡាករសំខាន់២រូបទៀត បានរងរបួស។ ខ្ញុំបានមើលឃើញថា យើងខិតខំយ៉ាងខ្លាំងក្នុងការប្រកួត ហើយខ្ញុំពិតជាពេញចិត្តចំពោះការលះបង់របស់កីឡាករ ប៉ុន្តែលទ្ធផលបែរជាមិនល្អដូចការចង់បាន ខណៈកីឡាកររបួសបន្ថែមទៀត។ ខ្ញុំពិតជាខកចិត្ត ហើយក៏មានការព្រួយបារម្ភចំពោះការប្រកួតជាបន្ត ស្របពេលយើងកំពុងជួបវិបត្តិបែបនេះ។”

៤ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League របស់ក្រុម Arsenal មិនទាន់ឈ្នះនោះទេ ដោយស្មើ២ ចាញ់២។ លទ្ធផលនេះបានធ្វើអោយ Chelsea ឈរនៅលេខរៀងទី៣ និង Arsenal លេខ៤ ដែលក្រុមទាំង២មាន១៩ពិន្ទុដូចគ្នា តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង