×

លោក Elon Musk បង្ហាញចំណាប់អារម្មណ៍ទិញក្លិប Liverpool

មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការទិញយក ក្លិបបាល់ទាត់ Liverpool ដែលកំពុងប្រកួតប្រជែងនៅលីគកំពូលអង់គ្លេស Premier League។ នេះបើយោងតាមកិច្ចសន្ទនា នៅក្នុងកម្មវិធីវិទ្យុមួយ ដែល លោក Errol Musk ត្រូវជាឪពុក លោក Elon Musk បានអះអាងថា កូនប្រុសរបស់លោក ចាប់អារម្មណ៍ ក្លិបរហស្សនាមហង្សក្រហម និងត្រូវបានលើកយកមកផ្សព្វផ្សាយដោយសារពត៌មាន Sky Sport ។

ដំណឹងនៃការចង់ទិញក្លិប Liverpool របស់លោក Elon Musk ក៏ចំពេលដែល សាជីវកម្មសម្ព័ន្ធកីឡាចម្រុះជាតិសាសន៍របស់អាមេរិក Fenway Sports Group Holdings ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្លិបនេះ បានបង្ហាញពីគម្រោងវិនិយោគជាមួយដៃគូបន្ថែមទៀត។

Fenway Sports Group Holdings បានទិញយកក្លិប Liverpool កាលពីឆ្នាំ ២០១០ តម្លៃ ៣០០លានផោន ការបង្ហាញអំពីចំណាប់អារម្មណ៍របស់ម្ចាស់ក្រុមហ៊ុន Tesla រូបនេះ អាចនឹងធ្វើអោយ Fenway Sports Group តម្លើងថ្លៃនៃការលក់ភាគហ៊ុនរបស់ក្លិប។

នៅពេលត្រូវបានសម្ភាសន៍ ក្នុងកម្មវិធី Times Radio ឪពុករបស់លោក Elon Musk លោក Errol Musk បាននិយាយថា “ជាការពិត Elon Musk ចាប់អារម្មណ៍ក្នុងការដេញថ្លៃទិញយកក្លិប Liverpool។ប្រាកដណាស់ថា បើមានឱកាស អ្នកណាក៏ចង់ទិញយកក្លិប ហង្សក្រហម ដែរ ។”

មួយវិញទៀត គ្រួសាររបស់លោក Elon Musk មានទំនាក់ទំនងជ្រាលជ្រៅ នៅទីក្រុង Liverpool ដោយសារតែលោកយាយ ខាងឪពុករបស់ លោក Musk បានកើតនៅទីក្រុងអង់គ្លេសមួយនេះ មុនពេលដែលបានផ្លាស់ប្តូរទៅរស់នៅ អាហ្វ្រិកខាងត្បូង។

នេះមិនមែនជាលើកទី១ ទេ ដែលលោក Elon Musk បង្ហាញអំពីគោលបំណង បោះលុយវិនិយោគលើវិស័យបាល់ទាត់ ដោយកាលពីឆ្នាំ ២០២២ កន្លងទៅ លោក Elon Musk ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ ទិញយកក្លិបបិសាចក្រហម Manchester United ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង