×

West Ham United តែងតាំងលោក Graham Potter ជាគ្រូបង្វឹកថ្មី

ក្លិប West Ham United បានតែងតាំងលោក Graham Potter មកជាគ្រូបង្វឹកថ្មី ជំនួសតំណែងលោក Julen Lopetegui ដែលត្រូវបណ្តេញចេញពីតំណែង។

លោក Graham Potter បានចុះកុងត្រារយៈពេល ២ឆ្នាំ កន្លះ ក្នុងការដឹកនាំ West Ham United ហើយនេះជាលើកដំបូងហើយ ដែលបុរសជនជាតិអង់គ្លេសបានវិលមកកាន់ការងារលើទីលានវិញ ក្រោយមិនមានក្លិបដឹកនាំចាប់តាំងពីត្រូវបាន Chelsea បញ្ចប់តំណែងកាលពីខែមេសា ឆ្នាំ២០២៣។

បុរសវ័យ៤៩ឆ្នាំ គឺជាក្តីសង្ឃឹមរបស់ក្លិបញញួរយក្ស ក្នុងការស្តារក្លិបឡើងវិញ ខណៈពួកគេកំពុងមានលទ្ធផលមិនសូវល្អ ក្នុងការប្រកួតក្របខណ្ឌ Premier League ដោយកំពុងឈរលេខ១៤ មាន ២៣ពិន្ទុ ឃ្លាតពីតំបន់កាត់ចោលតែ៧ពិន្ទុ។

សម្រាប់លោក Julen Lopetegui វិញ ត្រូវបាន West Ham United បញ្ចប់តំណែងក្រោយដឹកនាំ បាន ២២ ប្រកួត ឈ្នះ ៧ ស្មើ ៥ ចាញ់១០ដង។ លោកគឺជាគ្រូបង្វឹកទី៥ នៅក្របខណ្ឌ Premier League ដែលត្រូវបានបញ្ចប់តំណែងនៅរដូវកាលនេះ។

បុរសជនជាតិអេស្ប៉ាញបានចូលដឹកនាំនៅកីឡដ្ឋាន London Stadium កាលពីខែកក្កដា ឆ្នាំ២០២៤ ជំនួសលោក David Moyes ដោយចុះកុងត្រារយៈពេល ២ឆ្នាំ។

យ៉ាងណា អតីតគ្រូបង្វឹក Real Madrid និង Wolverhampton Wanderers មិនបានដឹកនាំក្លិប West Ham United ទទួលលទ្ធផលល្អប្រសើរដូចការរំពឹងទុកឡើយ បើទោះជាបានចំណាយយ៉ាងច្រើន ប្រមាណ ១៤០លានអឺរ៉ូ ក្នុងការនាំយកកីឡាករថ្មីៗដូចជា Maximilian Kilman, Jean-Clair Todibo, Aaron Wan-Bissaka, , Crysencio Summerville និង Niclas Fullkrug មកជួយពង្រឹងក្រុមក៏ដោយ។

ភាពជោគជ័យក្នុងអាជីពជាគ្រូបង្វឹករបស់លោក Julen Lopetegui គឺដឹកនាំ ក្លិប Sevilla ដោយក្នុងរយៈពេល៣ឆ្នាំ លោកបានជួយក្លិបឈ្នះជើងឯក UEFA Europa League 2019–20 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង