
គ្រូបង្វឹក Chelsea លោក Enzo Maresca បានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំងទៅលើកីឡាកររបស់លោក បន្ទាប់ពីពួកគេបានយកឈ្នះការប្រកួតលើក្រុមម្ចាស់ផ្ទះ Los Angeles FC នៅពានរង្វាន់ FIFA Club World Cup 2025 ជុំទី១ ពូល D។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Mercedes-Benz Stadium ស្ថិតក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិកនោះ គឺខ្សែបម្រើ Pedro Neto ជាអ្នករកគ្រាប់បាល់បើកឆាកសម្រាប់ Chelsea នៅក្នុងនាទី៣៤ ដោយការប្រកួតវគ្គទី១ មានគ្រាប់បាល់បញ្ចូលទីតែ១លើកនេះ។
ឈានមកដល់វគ្គទី២ នាទី៧៩ ទើបមានគ្រាប់បាល់បញ្ចូលទី១គ្រាប់ទៀត ដែលជាការធ្វើបានពី Enzo Fernandez។ សម្រាប់ Los Angeles FC វិញមិនមានឱកាសស៊ុតបញ្ចូលទីគូប្រជែងនោះទេ។ រីឯ Chelsea ក៏ប្រឹងបន្តវាយសម្រុកស្វែងរកគ្រាប់បាល់បន្ថែម ប៉ុន្តែមិនបានសម្រេច ទើបលទ្ធផល Chelsea ២ Los Angeles FC ០ រក្សាដល់ចប់ការប្រកួត។
ជាមួយនឹងការបង្ហាញចេញបានល្អរបស់កូនក្រុម បានធ្វើអោយលោក Enzo Maresca ដែលជាគ្រូបង្វឹក Chelsea មានភាពរីករាយ ហើយលោក ក៏បានសរសើរពីគុណភាពផ្លូវចិត្តរបស់កីឡាករដោយថា មានវិជ្ជាជីវៈ ហើយបានសម្របខ្លួនទៅនឹងស្ថានភាព ឬបរិយាកាសណាមួយ។
លោក Maresca បានអោយដឹងដូច្នេះ “អ្វីដែលសំខាន់គឺអាកប្បកិរិយារបស់កីឡាករ ហើយថ្ងៃនេះពួកគេបានបង្ហាញពីភាពជាអាជីពនិងក្ដីប្រាថ្នាដែលពួកគេមាន ពីព្រោះវាសំខាន់ក្នុងការឈ្នះថ្ងៃនេះ ។ យើងបានបញ្ចប់រដូវកាល Premier League ហើយ Conference League បានយ៉ាងល្អ ហើយឥឡូវយើងបានបន្តរឿងនោះ។ យើងចង់នៅជាមួយអាកប្បកិរិយានេះ។”
Chelsea បច្ចុប្បន្ននៅឈរកំពូលតារាងពូល D មាន ៣ពិន្ទុ ខណៈ ក្រុមប្រេស៊ីល Flamengo និង ក្រុមទុយនេស៊ី Espérance de Tunis មិនទាន់បានឆ្លងកាត់ការប្រកួតទេ ហើយ ក្រុម Los Angeles FC កំពុងស្ថិតនៅបាតតារាង៕