×

Chelsea ត្រូវបានពិន័យ ១០,៧៥លានផោន និងហាមឃាត់ការផ្ទេរកីឡាករដែលអនុវត្ត២ឆ្នាំខាងមុខ ពីបទទូទាត់សម្ងាត់ដែលបំពានច្បាប់ Premier League

ក្លិប Chelsea ត្រូវបានពិន័យជាប្រាក់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Premier League រួមជាមួយនឹងការហាមឃាត់ការផ្ទេរកីឡាកររយៈពេលមួយឆ្នាំ ដែលអនុវត្តក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ការផាកពិន័យសរុបចំនួន ១០,៧៥ លានផោននេះ ទាក់ទងទៅនឹងការទូទាត់សម្ងាត់ចំនួន ៤៧,៥ លានផោន ដែលបានធ្វើទៅភ្នាក់ងារកីឡាករចន្លោះឆ្នាំ ២០១១ ដល់ ២០១៨ នៅពេលដែលលោក Roman Abramovich ជាម្ចាស់ក្លិប និងការបំពានច្បាប់ទាក់ទងនឹងការចុះឈ្មោះកីឡាករយុវជន។

ការស៊ើបអង្កេតបានកំណត់ថា ការទូទាត់ទាំងនេះ បានកើតឡើងដោយមានការដឹងឮ និងការយល់ព្រម ពីអតីតបុគ្គលិកជាន់ខ្ពស់ និងឬនាយកក្លឹប។ នេះបើយោងតាមកិច្ចព្រមព្រៀងដាក់ទណ្ឌកម្ម។

ប្រតិបត្តិការទាំងនេះត្រូវបានលាតត្រដាងក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យភាពប្រក្រតី នៅពេលដែលម្ចាស់ជនជាតិអាមេរិកថ្មីបានទិញក្លឹបក្នុងឆ្នាំ ២០២២។ ពួកគេបានរាយការណ៍ពីភាពមិនប្រក្រតីទាំងនេះទៅ Premier League, FA និង UEFA ដោយខ្លួនឯង។

Chelsea ក៏ត្រូវបានហាមឃាត់ការផ្ទេរកីឡាករសម្រាប់ថ្នាលយុវជនរយៈពេល ៩ ខែផងដែរ ដែលមានប្រសិទ្ធភាពភ្លាមៗ ទាក់ទងនឹងបទល្មើសចន្លោះឆ្នាំ ២០១៩ ដល់ ២០២២។

របាយការណ៍ Premier League បានរៀបរាប់ពីការផ្ទេរកីឡាករមួយចំនួនដែលទាក់ទងនឹងការទូទាត់សម្ងាត់ រួមមានកិច្ចព្រមព្រៀងសម្រាប់ Eden Hazard, Samuel Eto’o, Willian, Ramires, David Luiz, Andre Schurrle និង Nemanja Matic ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង