Aston Villa បានសម្រេចបញ្ចប់តំណែងលោក Dean Smith ដែលជាអ្នកចាត់ការក្លិប បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយៈពេល៣ឆ្នាំ។ លោក Smith ត្រូវចាកចេញពីក្លិបបន្ទាប់ពីបរាជ័យ ១-០ ក្រោមថ្វីជើង Southampton ដែលជាបរាជ័យ៥លើកជាប់គ្នារបស់ពួកគេ។
បច្ចុប្បន្ន Aston Villa ឈរនៅលេខរៀងទី១៦ក្នុងតារាង Premier League និងមានគម្លាត២ពិន្ទុប៉ុណ្ណោះពីតំបន់ត្រូវកាត់ចេញ។ក្រោយការបណ្តេញនេះ Aston Villa កំពុងស្វែងរកអ្នកមកជំនួសលោក Smith ប៉ុន្ដែមិនបន្ទាន់នោះទេ។ យ៉ាងណាក្ដី គ្រូបង្គោលក្រុមជម្រើសជាតិដាណឺម៉ាកលោក Kasper Hjulmand គឺជាបេក្ខភាពឈានមុខគេ។ លោក Hjulmand បាននាំដាណឺម៉ាកឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EURO 2020 និងបានជួយពួកគេទទួលបានកៅអីលេងជុំចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើនៅប្រទេសកាតារ។ ដោយឡែកបេក្ខភាពដទៃទៀត កំពុងស្ថិតនៅក្នុងការពិចារណា ស្របពេល Aston Villa នៅសល់ពេលច្រើនទៀត ដើម្បីជ្រើសយកអ្នកចាត់ការដែលសក្ដិសមក្នុងការជំនួសលោក Smith មុនការត្រលប់ពីការប្រកួតសម្រាប់ក្រុមជម្រើសជាតិ។
លោក Dean Smith បានក្លាយជាអ្នកចាត់ការ Aston Villa នៅខែតុលា ឆ្នាំ២០១៨ ដោយបានជួយក្លិបឡើងពីក្របខណ្ឌ Championship មកកាន់ក្របខណ្ឌ Premier League ក្នុងរដូវកាលដំបូងដែលលោកដឹកនាំតែម្តង។ យ៉ាងណានៅក្នុងរដូវកាលនេះ ការដឹកនាំរបស់លោកមិនបានលទ្ធផលល្អប្រសើរ ធ្វើឱ្យលោកត្រូវរបូតតំណែង។ លោកគឺជាអ្នកចាត់ការ ទី៥ហើយ ដែលត្រូវបានបណ្តេញចេញនៅរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕