វីរបុរស Liverpool លោក Steven Gerrard ស្ថិតក្នុងបញ្ជីគោលដៅក្នុងការទៅដឹកនាំ Aston Villa បន្ទាប់ពីពួកគេបានបញ្ចប់តំណែងអ្នកចាត់ការលោក Dean Smith។
លោក Smith ត្រូវបាន Aston Villa បញ្ចប់តំណែងបន្ទាប់ពីចាញ់ Southampton ១-០ ក្នុងការប្រកួត Premier League ដែលជាបរាជ័យ៥លើកជាប់ៗគ្នា ធ្វើឱ្យក្រុមស្ថិតនៅចំណាត់ថ្នាក់ទី១៦ក្នុងតារាងលីគកំពូលអង់គ្លេស ពីលើតំបន់កាត់ចោលតែ២ពិន្ទុ។ រដូវកាល ២០២១-២២ ក្លិបនៅលីគកំពូលអង់គ្លេស បានបញ្ចប់តំណែងអ្នកចាត់ការជាច្រើនរូបមកហើយ ខណៈគ្រូសញ្ជាតិអង់គ្លេស Smith ជាបុគ្គលចុងក្រោយដែលត្រូវអស់តំណែង។ លោក Smith ចូលកាន់តំណែងនៅ Aston Villa នៅឆ្នាំ២០១៨ ក្រោយចាកចេញពី Brentford។ Aston Villa កំពុងពិនិត្យមើល សមាសភាពគ្រូថ្មីដើម្បីដឹកនាំក្រុមឱ្យប្រសើរឡើងវិញ ក្នុងនោះ Gerrard ដែលសព្វថ្ងៃដឹកនាំក្រុម Rangers នៃលីគកំពូលស្កុតឡែនស្ថិតក្នុងជម្រើសនាំមុខគេ។ អតីតខ្សែបម្រើ Liverpool រូបនេះ ទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ Aston Villa ពីរបៀបដឹកនាំរបស់គេនៅ Rangers។
លោក Gerrard វ័យ៤១ឆ្នាំ បានកាន់តំណែងនៅ Rangers នៅឆ្នាំ២០១៨ និងជួយក្រុមលើកពាន Scottish Premiership រដូវកាលមុន ដោយបញ្ចប់ការគ្រងជើងឯក៩រដូវកាលជាប់ៗគ្នារបស់ Celtic។ អតីតប្រធានក្រុមអង់គ្លេស ដែលនៅជាប់កិច្ចសន្យាជាមួយក្លិបស្កុតឡែន ដល់ឆ្នាំ២០២៤ ជួយ Rangers ឈរកំពូលតារាងរដូវកាលនេះ និងលេងនៅ Champions League ផង។
តាមរយៈសមិទ្ធផលខាងលើរបស់ Gerrard ក្លិប Aston Villa ពិតជាចង់បានរូបគេត្រឡប់ទៅទឹកដីអង់គ្លេសវិញ ម្បីដឹកនាំក្រុមឱ្យប្រសើរជាងនេះ៕