Chelsea បានបញ្ចប់ការចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលរបស់ Brighton កីឡាករ Moises Caicedo ក្នុងតម្លៃ ១០០ លានផោន ដែលអាចកើនដល់ ១១៥ លានផោនជាមួយនឹងប្រាក់បន្ថែម។
Caicedo វ័យ២១ឆ្នាំ បានសម្រេចចិត្តផ្ទេរទៅកាន់ Chelsea ទោះបីជា Brighton បានទទួលយកការដេញថ្លៃរបស់ Liverpool ក្នុងតម្លៃ ១១១លានផោនក៏ដោយ។
Caicedo បាននិយាយថា៖ “ខ្ញុំអត់គិតច្រើនទេនៅពេលដែល Chelsea ខលមកខ្ញុំ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំចង់ចុះហត្ថលេខាជាមួយពួកគេ។ សុបិនរបស់ខ្ញុំក្លាយជាការពិតហើយដែលបានមកទីនេះ ហើយខ្ញុំអន្ទះសាដើម្បីជួបជាមួយមិត្តរួមក្រុមរបស់ខ្ញុំ”។
Caicedo ដែលបានចូលរួមជាមួយ Brighton ក្នុងតម្លៃ ៤ លានផោន កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានយល់ព្រមលើកិច្ចសន្យារយៈពេល ៨ ឆ្នាំនៅកីឡដ្ឋាន Stamford Bridge ហើយក្រុមតោខៀវមានជម្រើសបន្ថែមមួយឆ្នាំទៀត។
ការបង់ប្រាក់បន្ថែម ១៥ លានផោនគឺទាក់ទងនឹងការបង្ហាញខ្លួនក្នុងការប្រកួត ដូច្នេះ Brighton នឹងទទួលបានទឹកប្រាក់ ១១៥ លានផោនក្នុងរយៈពេលដ៏ខ្លី។
វាមានន័យថា Chelsea បានបំបែកកំណត់ត្រាពីរដងក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីពួកគេបានទិញខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ក្នុងខែមករា ក្នុងតម្លៃ ១០៧លានផោន ដែលជាតម្លៃថ្លៃបំផុតនៅអង់គ្លេស៕