Dilan Kumar Markanday ខ្សែបម្រើស្លាប មានដើមកំណើតឥណ្ឌា បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Tottenham Hotspur ឈុតធំ ក្នុងការប្រកួត Europa Conference League កាលពីថ្ងៃពុធសប្តាហ៍មុន។
ឪពុកម្តាយជនជាតិឥណ្ឌា រស់នៅទីក្រុងឡុងដ៍៖
តារារះថ្មីរបស់ Tottenham Hotspur, Dilan Kumar Markanday បានកើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០០១ និងឪពុកម្តាយជនជាតិឥណ្ឌា គឺអ្នកស្រី Deepa និងលោក Arun Markanday នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នៅអាយុ ១៥ឆ្នាំក្នុងឆ្នាំ២០១៧ Markanday បានចូលរួមក្រុមយុវជននៃក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
កីឡាករសញ្ជាតិអង់គ្លេសកាត់ឥណ្ឌា ទី៥ ដែលបានលេង នៅក្លិប Premier League៖
តាមរយៈការបង្ហាញខ្លួនជាលើកដំបូងរបស់គេសម្រាប់ក្រុម Tottenham Hotspur នៅថ្ងៃទី២១ ខែតុលា Dilan Markanday បានក្លាយជាកីឡាករបាល់ទាត់អង់គ្លេសកាត់ឥណ្ឌាទី៥ ក្នុងប្រវត្តិសាស្ត្រដែលតំណាងឱ្យក្លិបនៅ Premier League ។ កីឡាករអង់គ្លេស-ឥណ្ឌា បានលេងនៅអង់គ្លេស កាលពីអតីតកាលមុនពេល Markanday មានតែ ៤នាក់ប៉ុណ្ណោះ។
Jimmy Carter គឺជាជនជាតិអង់គ្លេសកាត់ឥណ្ឌា និងអង់គ្លេស-អាស៊ីដំបូងគេ ដែលលេងនៅក្លិប Premier League ។ ក្រោយមក Michael Chopra, Neil Taylor និង Yan Dhanda បានដើរតាមគន្លងរបស់ Carter ។ Markanday ក្លាយជាអ្នកចូលចុងក្រោយបំផុតនៅក្នុងបញ្ជីនោះ។
គួរកត់សម្គាល់ថា ទាំង Dhanda និង Markanday មិនទាន់បានលេងនៅក្នុងការប្រកួតក្របខណ្ឌ Premier League នៅឡើយទេ។ គេក៏ជាកីឡាករអង់គ្លេស-អាស៊ីដំបូងគេដែលតំណាងឱ្យ Tottenham នៅក្រុមឈុតធំ។
អាយដលរបស់គេគឺ Ryan Giggs ហើយចូលចិត្ត Messi ជាង Ronaldo៖
Marakande ជាកីឡាករប្រើប្រាស់ជើងឆ្វេង បាន ធំធាត់និងមើលការប្រកួតរបស់វីរបុរសរបស់ Manchester United លោក Ryan Giggs។ គេក៏ចូលចិត្ត Lionel Messi ជាង Cristiano Ronaldo នេះបើតាមការបង្ហើបក្នុងបទសម្ភាសមួយកាលពីឆ្នាំ២០២០។
៣១គ្រាប់ក្នុង ៨៦ប្រកួតសម្រាប់ Tottenham Hotspur នៅកម្រិតយុវជន៖
Dilan Markanday បានតំណាងឱ្យក្រុម U18 និង U23 របស់ Tottenham Hotspur ក្នុង U18 Premier League និង Premier League 2 Division 1។ ចាប់តាំងពីរដូវកាល២០១៧-២០១៨ មក ខ្សែបម្រើស្លាបស្តាំនេះ បានលេង ៨៦ប្រកួតដែលបានស៊ុតបញ្ចូលទី ៣១គ្រាប់។ ក្នុងរដូវកាល U18 Premier League ២០១៨-២០១៩ Markanday រកបាន ១១គ្រាប់ក្នុង ២១ប្រកួត។
គេបានឈ្នះពានរង្វាន់ កីឡាករមកពីក្រៅប្រទេសល្អបំផុត នៅក្នុងការប្រកួតនៅប្រទេសអ៊ីតាលី៖
តំណាងឱ្យក្រុមយុវជនរបស់ Tottenham ក្នុងការប្រកួតអន្តរជាតិ ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី កាលពីឆ្នាំ២០១៨ កីឡាករ Dilan Markanday បានឈ្នះពានរង្វាន់ “កីឡាករមកពីក្រៅប្រទេសល្អបំផុត” នៅក្នុងការប្រកួត ខណៈក្លិបរបស់គេ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។ Spurs បានយកឈ្នះ Juventus ពីរដងក្នុងការប្រកួតនោះ ប៉ុន្តែចាញ់ក្រុមជើងឯក Atalanta នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕