លោក Xavier Hernández ថាខ្លួនកំពុងផ្តោតលើការងារគ្រូបង្វឹកក្រុម Al Sadd ទោះលោកកំពុងមានការផ្សារភ្ជាប់ការចូលទៅកាន់តំណែងនៅ Barcelona ក៏ដោយ។
Barcelona បានបញ្ចប់តំណែងលោក Ronald Koeman បន្ទាប់ពីប្រកួតចាញ់ Rayo Vallecano ១-០ នៅក្របខណ្ឌ La Liga។ ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិហុល្លង់ ១៤ខែ ក្រុម Barcelona ធ្វើមិនបានល្អឡើយទាំងក្នុងលីគ និង Champions League។
លោក Sergi Barjuan គ្រូបង្វឹកក្រុមឈុត B របស់ Barcelona ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Koeman ក្រោមការណែនាំរបស់ប្រធានក្លិប Joan Laporta។ ស្របពេលគ្នានេះ វីរបុរស Barcelona លោក Xavi ដែលបច្ចុប្បន្នជាអ្នកចាត់ការ Al Sadd នៃលីគកំពូលកាតា ត្រូវបានគេរំពឹងថា នឹងទៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន ក្នុងនាមជាអ្នកចាត់ការវិញ។
យ៉ាងណានៅពេលសួរអំពីលទ្ធភាពនៃការវិលត្រឡប់ទៅកាន់ Camp Nou លោក Xavi បែរជានិយាយថាខ្លួនកំពុងផ្តោតលើការងារជាមួយក្រុមបច្ចប្បន្ន មិនទាន់គិតរឿងផ្លាស់ទៅក្លិបថ្មីឡើយ។
Xavi ឆ្លងកាត់ជាកីឡាករឈុត B រហូតឈុតធំនៅ Barca ក្នុងរយៈពេល១៧ឆ្នាំ។ Xavi បង្ហាញខ្លួនសរុបឱ្យក្រុមឈុតធំ ៧៦៧ប្រកួតក្នុងអាជីព ដោយរកបានគ្រាប់បាល់សុទ្ធបញ្ចូលទី៨៥គ្រាប់ និងបញ្ជូនឱ្យដៃគូសម្រេចទី១៨៤លើក។ លោកបានផ្លាស់ទៅចូលរួមជាមួយ Al Sadd ក្នុងឆ្នាំ ២០១៤ ហើយបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅឆ្នាំ២០១៩ មុនបន្តក្លាយជាអ្នកចាត់ការក្រុមដដែលនេះដល់សព្វថ្ងៃ។ បុរសសញ្ជាតិអេស្ប៉ាញនេះ បន្តជោគជ័យទាំងនៅជាកីឡាករ និងគ្រូបង្វឹកនៅ Al Sadd ដោយជួយក្រុមឈ្នះជើងឯក Qatar Stars League រដូវកាលមុន។
បើទោះមានការលើកឡើងរបស់ Xavi អំពីការមិនចង់ចាកចេញពី Al Sadd ក្តី ប៉ុន្តែបើតាមអ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano បានសរសេរលើបណ្តាញសង្គមផ្ទាល់របស់ខ្លួនថា Xavi បានព្រមព្រៀងផ្លាស់ទៅ Barca ក្នុងពេលឆាប់ៗនេះហើយ៕