Manchester United ត្រូវបានគេរាយការណ៍ថា បានទាក់ទងទៅគ្រូជម្រើសជាតិអ៊ីតាលីលោក Roberto Mancini ដើម្បីជំនួសកៅអីអ្នកចាត់ការ ប្រសិនបើពួកគេបញ្ចប់ ឬ លោក Ole Gunnar Solskjaer សុំចាកចេញពីតំណែង។
Man UTD រងការរិះគន់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក Solskjaer ក្រោយបរាជ័យនៅប៉ុន្មានប្រកួតចុងក្រោយ ជាពិសេសចាញ់ Liverpool ៥-០ និង Man City ២-០ សប្តាហ៍មុន។ តាមការសិក្សានិងវិភាគពីសំណាក់អ្នកជំនាញបាល់ទាត់ រួមជាមួយអតីតកីឡាករល្បីៗជាច្រើន មើលឃើញថា អ្នកចាត់ការសញ្ជាតិន័រវែស បានរៀបចំក្រុម ដោយគ្មានយុទ្ធសាស្ត្រទាល់តែសោះ បើទោះក្រុមមានសមាជិកមានគុណភាពក្តី។ ដោយសារការដឹកនាំមិនទទួលបានផ្លែផ្កាសម្រាប់ក្រុមយក្សអង់គ្លេសមួយនេះ កៅអីលោក Solskjaer បានរង្គោះរង្គើសាជាថ្មី ក្រោយសមាជិកក្លិប Man UTD ព្រមព្រៀងផ្តល់ឱកាសដឹកនាំបីប្រកួតបន្ថែម គិតចាប់ពីក្រោយចាញ់ Liverpool ៥-០ មក។ ពេលនេះ Man UTD កំពុងតាមដានយ៉ាងជិតស្និទ្ធជាមួយលោក Mancini សម្រាប់តំណែងអ្នកចាត់ការថ្មី ប្រសិនបើ Solskjaer ចាកចេញ។
លោក Mancini អតីតអ្នកចាត់ការ Man City បង្ហាញរបៀបដឹកនាំលេចធ្លោនៅរយៈពេលចុងក្រោយ ក្នុងនោះជួយជម្រើសជាតិអ៊ីតាលី លើកពាន Euro ឆ្នាំ២០២០ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Nations League ថែមទៀត។ បុរសសញ្ជាតិអ៊ីតាលី វ័យ៥៥ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុម Man City យ៉ាងល្អផងដែរ។ នៅឆ្នាំ២០១២ Mancini បានជួយ Man City លើកពាន Premier League ដោយប្រជែងឈ្នះពិន្ទុ Man UTD តាមរយៈការយកឈ្នះ QPR នៅប្រកួតចុងក្រោយបិទរដូវកាល។
បើ Solskjaer ពិតជាត្រូវចែកផ្លូវជាមួយ Man Utd មែន អនាគតរបស់លោក Mancini ត្រូវបានគេជឿជាក់ថា ជាជម្រើសដ៏មានសក្តានុពលជាងគេសម្រាប់តំណែងនេះ។
Mancini ដែលធ្លាប់មានប្រវត្តិចាត់ការ Inter Milan ឈ្នះជើងឯក Serie A ៣សម័យ ក៏ទទួបានការចាប់អារម្មណ៍ខ្លាំងពីក្លិប PSG ផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕