ក្លិប Tottenham Hotspur ត្រូវបានគេរាយការណ៍ថា ហាក់មិនមានបំណងចង់រាំងស្ទះដំណើរចង់ចាកចេញរបស់ខ្សែប្រយុទ្ធ Harry Kane តទៅទៀតនោះទេ ពោលនៅរដូវក្តៅ ឆ្នាំ ២០២២ ខាងមុខ គឺគេអាចចាកចេញបាន ប្រសិនមានការចរចានៅតម្លៃផ្ទេរត្រូវរ៉ូវគ្នា។
ក្លិបដឹកនាំដោយលោក Antonio Conte ក៏បានសម្លឹងទៅរកគោលដៅថ្មី ដែលជាខ្សែប្រយុទ្ធវ័យក្មេងនៅក្លឹប Fiorentina ហើយជឿថា គេអាចមកជំនួសតំណែង Kane រយៈពេលយូរអង្វែងបាននោះគឺ Dusan Vlahovic ជាខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ សញ្ជាតិស៊ែប៊ី ដែលជាប់កុងត្រានៅក្លឹបអាណាព្យាបាលដល់ឆ្នាំ ២០២៣នេះបើតាមសារព័ត៌មាន Marca បានចុះផ្សាយ។
ដូចនេះមានន័យថា Spurs នឹងបើកផ្លូវឲ្យខ្សែប្រយុទ្ធវ័យចំណាស់របស់ខ្លួន ដើរចេញនៅ ឆ្នាំ ២០២២ ខាងមុខ ជារួមសាមីខ្លួនផ្ទាល់ក៏គេទំនងមានចិត្តចង់ទៅដូចគ្នា ជាពិសេសប្រសិនណាក្លឹបមិនអាចលើកពានរង្វាន់ណាមួយនៅបញ្ចប់រដូវកាលនេះ។
លុយដែលលក់ Kane បាន Spurs ទំនងជាអាចយកមកប្រជែងយក Vlahovic ព្រោះលឺថា មានក្លឹបធំៗច្រើនណាស់ ដែលបានទាក់ទងទៅ Fiorentina ជុំវិញការចង់បានខ្សែប្រយុទ្ធខាងលើ តួយ៉ាងដូចជា Man City, Man Utd និង Juventus ជាដើម។ រំឭកថានៅរដូវកាលនេះ គេបង្ហាញខ្លួន ១៤ ប្រកួត រកបាន ១១ គ្រាប់ហើយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕